សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកពីមូលហេតុ ដែលនាំឲ្យគ្រោះអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះបំផ្លាញរថយន្តជាង ២០គ្រឿង និងមនុស្សម្នាក់បានស្លាប់គាបជាប់ក្នុងរថយន្ត នៅចំណតរថយន្តក្រុងក្រមហ៊ុន វីរៈ ប៊ុនថាំ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ !

រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានកើតឡើង និងបានឆេះបំផ្លាញរថយន្តជាង ២០គ្រឿង និងមនុស្សម្នាក់បានឆេះស្លាប់នៅក្នុងរថយន្ត នៅចំណតរថយន្តក្រុងក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅក្នុងហេតុការដ៏គួរឲ្យរន្ធត់មួយ ដែលបានកើតឡើងនៅវេលាម៉ោងប្រមាណជា ៣ និង៥០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅទីតាំងចំណតរថយន្ត ដែលស្ថិតនៅគល់ស្ពានជ្រោយចង្វារខាងកើត ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
គ្រោះអគ្គិភ័យដែលបានកើតឡើងនៅក្នុងពេលនេះ គ្មានសេចក្តីរាយការណ៍ច្បាស់ការណាមួយ បានបង្ហាញពីមូលហេតុពិតនោះនៅឡើយទេ តែគេគ្រាន់តែដឹងថា អគ្គិភ័យនេះបានឆាបឆេះចេញពីរថយន្តក្រុង ដែលកំពុងចតត្រៀបត្រា នៅកណ្តាលទីវាលមួយ បង្កឲ្យមានអណ្តាតភ្លើង និងផ្សែងហុយខ្មួលខ្មាញ់ ហោះហើរទៅលើអាកាស និងធ្វើឲ្យមនុស្សម្នាជាច្រើនមានការភ្ញាក់ផ្អើល។
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រាដែលអណ្តាលភ្លើងកំពុងឆេះខ្មួលខ្មាញ់នោះ គេបានឃើញ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញធ្វើអន្តរាគមន៍ ជួយពន្លត់ភ្លើងនោះ តែមិនអាចជួយសង្គ្រោះបាននោះទេ ព្រោះភ្លើងបានឆាបឆេះពេញបន្ទុកទៅហើយ។ នៅជុំវិញការឆាបឆេះនេះ សមត្ថកិច្ចបានដាក់ការសង្ស័យ ជាជំហានដំបូងថា អាចបណ្តាលមកពីឆ្លងចរន្តចេញពីរថយន្តណាមួយ ក្នុងចំណោមរថយន្តដែលកំពុងចតម្រៀបគ្នា យ៉ាងត្រៀបត្រានៅទីនោះ។
សមត្ថកិច្ចនៅក្នុងការចុះអន្តរាគមន៍ពន្លត់ភ្លើងនោះ បានបង្ហើបឲ្យដឹងថា កម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍ឆាបឆេះនេះ នៅម៉ោងប្រមាណ ៥ល្ងាច និងនៅក្រោយហេតុការណ៍នេះ ក្រុមមន្ត្រីបានរកឃើញសាកសពមនុស្សម្នាក់ ដែលបានស្លាប់ដោយសារភ្លើងឆេះនៅក្នុងរថយន្ត និងក៏ពុំទាន់ស្គាល់អត្តសញ្ញាណនោះដែរ រីឯរថយន្តបានរងការឆេះអស់ ២៣គ្រឿង មានតម្លៃច្រើនម៉ឺនដុល្លារ។
ទោះជាយ៉ាងណា ខណៈនេះកម្លាំងសមត្ថកិច្ច កំពុងបន្តបើការស្រាវជ្រាវរកពីមូលហេតុពិត ដែលផ្តើមឲ្យមានការឆេះបំផ្លាញរថយន្តរហូតដល់ទៅជាង ២០គ្រឿង និងមនុស្សម្នាក់បានស្លាប់គាបជាប់ក្នុងរថយន្ត នៅចំណតរថយន្តក្រុងក្រុមហ៊ុន វីរៈ ប៊ុនថាំ នោះ។ រីឯ ទំហំនៃការខូចខាតក្នុងគ្រោះអគ្គិភ័យនោះ ក៏មិនទាន់ដឹងពិតប្រាកដនៅឡើយដែរ៕ ដោយ៖ កុលបុត្រខ្មែរមហារនគរ