ខេត្តឧត្តរមានជ័យ៖ អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល្យ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ និងអនុវត្តវិធានការបិទជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ច្រកជាំសាង៉ាំ និងច្រកជប់គគី ព្រំប្រទល់ កម្ពុជា-ថៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា សំដៅការពារសុខភាព និងអាយុជីវិតប្រជាជននៅក្នុងសហគមន៍ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថា លោកបានដឹកនាំក្រុមការងារចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំសាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល ព្រមទាំងបន្តដំណើរចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន លើជួរភ្នំដងរែក ត្រង់ចំណុចថ្មដូន និងចាន់ក្រហម ស្ថិតក្នុងសស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ លោកថា ការចុះទៅកាន់ច្រកព្រំដែនទាំងនោះ គឺដោយអនុវត្តតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ រីឯការបិទខ្ទប់ច្រកទ្វារព្រំដែនទាំង ៣ខាងលើនោះ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក៏ដូចជាការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មីនេះ នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។
លោក ប៉ែន កុសល្យ បានបញ្ជាក់ថា ការបិទជាបណ្តោះអាសន្ន រាល់ចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ នាពេលនេះ គឺធ្វើឡើងស្របតាមសារាចរលេខ ០៤ សសរ ស្តីពី ” ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ” នៅទូទាំងប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងទប់ស្កាត់ឲ្យបាន នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយវីរុសបំប្លែងថ្មីនេះ បានឆ្លងចូលសហគមន៍របស់យើង ជាពិសេស ប្រភេទ Delta ដែលលទ្ធភាព នៃការឆ្លងមានល្បឿនលឿន ហើយជំងឺប្រភេទដែលតានេះ ភាគច្រើនឆ្លងតាមរយៈពលករ ដែលធ្វើដំណើរមកពីប្រទេសថៃ។
ខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល្យ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សមត្ថកិច្ច ប្រចាំច្រកទ្វារនៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ក្នុងខេត្ត ត្រូវរឹតបន្ដឹង និងហាមឃាត់ឲ្យបាន នូវពលរដ្ឋ ឬអាជីវករ ដែលធ្វើដំណើរឆ្លងកាត់ទៅទិញទំនិញនៅក្នុងប្រទេសថៃ និងពលករដែលត្រឡប់មកពីប្រទេសថៃវិញ។ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រូវរួមសាមគ្គីគ្នាឲ្យបានល្អ ដើម្បីអនុវត្ដឱ្យបាននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ចូលក្នុងសហគមន៍ រាជរដ្ឋាភិបាល បានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រខេត្តចំនួន ៨ ក្នុងប្រទេស រយៈពេល ២សប្តាហ៍ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប។
ស្របពេល ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញនូវសារាចរ ស្តីពីការដាក់ចេញ នូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ សម្រាប់រាជធានី-ខេត្ត នៅទូទាំងប្រទេស ផងដែរ៕ ដោយ៖ឡុង សំបូរ





































