(ខេត្តកំពត)៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយ ចាត់ចែងអនុវត្ត សេចក្តីសម្រេចលេខ ៨៤ សសរ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងសារាចរណែនាំលេខ ០៤ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត បានធ្វើការណែនាំដល់កងកម្លាំង អាជ្ញាធរ ក្រុង ស្រុក ត្រូវអនុវត្តសេចក្តីសម្រេច និងសារាចរណែនាំ របស់រាជរដ្ឋាភិបាលឲ្យបានយ៉ាងម៉ឺងម៉ាត់ និងភាពទន់ភ្លន់ ដើម្បីការពង្រឹងវិធានការផ្នែករដ្ឋបាល ផ្នែកសុវត្ថិភាពសុខាភិបាល និងផ្នែកច្បាប់ ធានាឲ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) ។ ឆ្លើយតបទៅនឹងការងារនេះ រដ្ឋបាលខេត្តនឹងដាក់ចេញនូវវិធានការនានា ហាមឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្ត ជាអាទិ៍ ខារ៉ាអូខេ,រង្គសាល កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ រោងភាពយន្ត។ល។ ហាមលក់និងសេពគ្រឿងស្រវឹង ហាមឃាត់ការប្រមូលផ្តុំមនុស្ស និងការដាក់បម្រាមគោរចរពីចន្លោះម៉ោង ២១ រហូតដល់ម៉ោង ៣ភ្លឺ ។ ប្រសិនបើមានការល្មើសនឹងបទបញ្ជាហាមឃាត់នេះ ត្រូវចាត់វិធានការអប់រំណែនាំ ឬផាកពិន័យ ឬបិទទីតាំងអាជីវកម្មរបស់ពួកគាត់តែម្តង៕ សេង ណារិទ្ធ





































