បរទេស៖ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបានឱ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារមកលើស្នងការនគរបាលមួយកន្លែងស្ថិតនៅតំបន់ភ្នំជិតរដ្ឋធានីកាប៊ុលកាលពីថ្ងៃសុក្រម្សិលមិញនេះ ។ បំណែកសល់ពីការ វាយប្រហារនៅរាយប៉ាយខាងក្រៅស្ថានីយប៉ូលិសស្ថិតនៅទីក្រុងស៊ូរ៉ូប៊ី ភាគខាងកើតនៃទីក្រុងកាប៊ុល ។
លោកឧត្តមសេនីយ៍អាយូប សាឡាង អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានថ្លែងប្រាប់អ្នក សារព័ត៌មាននៅកន្លែងកើតហេតុថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតគឺជាស្ត្រីអ៊ីស្លាមម្នាក់ស្លៀកពាក់ជិត បាន បំផ្ទុះរថយន្តនៅខាងក្រៅស្ថានីយ ហើយមនុស្ស៣នាក់ផ្សេងទៀតបានចូលក្នុងអគារ ។
លោកបានបន្តថា ជាលទ្ធផលនៃការវាយប្រហារនេះ ក្រុមសមត្ថកិច្ចរបស់លោកបានចេញប្រតិបត្តិការភ្លាមៗ និងបានសម្លាប់ ក្រុមជនបំផ្ទុះគ្រាប់បែកទាំងអស់ ប៉ុន្តែមន្ត្រីនគបាល២នាក់បានរងរបួសផងដែរនៅក្នុងយុទ្ធនាការបោស សំអាតនេះ ។
ទោះជាយ៉ាងក៏ដោយ លោកកាដាម សាសែម មេបញ្ជាការកងទ័ពអាហ្វហ្គានីស្ថានប្រចាំនៅរដ្ឋធានី កាប៊ុល បានឱ្យដឹងថាយោងហោចមន្ត្រីនគរបាលម្នាក់បាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងការ វាយប្រហារដោយគ្រាប់បែកអត្តឃាតលើកនេះ ។ ដោយឡែកក្រុមឧទ្ទាមតាលីបង់បានប្រកាសទទួលខុស ត្រូវការវាយប្រហារនេះ។