ឯកឧត្តម សាន វិសាល អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ លើការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង៣០០០ម ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី

0

បន្ទាយមានជ័យ៖មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ លើការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង៣០០០ម ស្ថិតនៅភូមិអន្លង់ថ្លាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ថ្លែងក្នុងកាសនោះឯកឧត្តម សាន វិសាល បានមានប្រសាសន៍លើកឡើងថា៖ ការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន១ខ្សែ មានប្រវែង៣០០០ម ទទឹង ៥ម កម្រាស់ ១,២ម សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១៥ម ទទឹង ៨ម លូប្រអប់មុខពីរចំនួន ១កន្លែង និងថ្នាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិអន្លង់ថ្លាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គម្រោងលេខ DRR-NC-2024-No.038)។អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១។

ឯកឧត្តម ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការកោធសរសើរនិងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ជាពិសេសនាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១ ដែលបានសហការគ្នាធ្វើការស្ថាបនាផ្លូវនេះឡើងចេញជារូបរាងដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម សាន វិសាល បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ សូមជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕ដោយ៖ឃិន គន្ធា