ខេត្តកំពង់ធំ៖ ជំនួញឈើល្មើសច្បាប់ ត្រូវគេកត់សម្គាល់ឃើញថា នៅតែបន្តកើតមានស្ទើរគ្មានថ្ងៃលោះនោះទេ នៅលើដែនដីរដ្ឋបាលខេត្តកំពង់ធំ។ រីឯ សកម្មភាពល្មើសច្បាប់របស់ក្រុមឈ្មួញ អាចប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ ត្រូវគេដាក់ការសង្ស័យថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងមន្ត្រីជំនាញនៅថ្នាក់មូលដ្ឋាននោះទេ នោះសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ មិនអាចកើតមានទៅកើតនោះឡើយ។
ក្រោយបានដឹងពីសកម្មភាពដឹកជញ្ជូនឈើ ប្រព្រឹត្តដោយឈ្មួញមួយក្រុមតូចនោះមក កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំសម្របសម្រួល នៅក្នុងការចុះបង្ក្រាបឈើនោះ ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា កាលពីម៉ោងជាង ២រសៀល ថ្ងៃទី៣១កក្កដាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ដែលដឹកនាំដោយមន្ត្រីអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ នាពេលនោះ កម្លាំងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងពាក់ព័ន្ធជាច្រើនស្ថាប័នទៀត បានឃាត់គោយន្តកន្ត្រៃ ៣គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ប្រភេទលេខ២ បើកគេចយកទៅលាក់ទុកនៅក្នុងផ្ទះប្រជាពលរដ្ឋ ហើយកម្លាំងសមត្ថកិច្ចឃាត់បានក្នុងពេលនោះទៅ។ ចំណែក ឈើដែលរងការបង្ក្រាប និងរឹបអូសបាននោះមានជាច្រើនម៉ែត្រគូប រួមជាមួយគោយន្តកន្ត្រៃ ៣គ្រឿងផងដែរ។
រហូតមកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ច្បាបស់ការណារមួយ ថាឈើដែលបង្ក្រាបបាននៅក្នុងពេលនោះ មានចំនួនប៉ុន្មានម៉ែត្រគូបនោះទេ ព្រោះមន្ត្រីជំនាញមិនធ្វើការវាស់វែង។ ក្រោយការបង្ក្រាប គោយន្តកន្ត្រៃដឹកឈើទាំង ៣គ្រឿង ត្រូវគេនាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ធំ ចាត់ការបន្តតាមច្បាប់៕





































