ខេត្តស្ទឹងត្រែង៖ មនុស្ស ៥នាក់ ដែលជាប់ជំពាក់នឹងការប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ ត្រូវបានឃាត់ខ្លួន រួមទាំងរណាយន្ត ៤គ្រឿង ត្រូវបានដកហូតពីមនុស្សមួយក្រុមនេះ ដោយក្រុមល្បាតមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១កក្កដាឆ្នា២០២១ ត្រង់ចំណុចព្រៃស្រះ៣ នៃព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការឃាត់ខ្លួនមនុស្សទាំង ៥នាក់ និងការដកហូតបានរណាយន្ត ៤គ្រឿងនៅក្នុងពេលនោះ គឺបានធ្វើឡើងក្នុងគ្រាដែលក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ សហការរួមគ្នាចុះល្បាតព្រៃ ហើយបានប្រទះឃើញ ជនសង្ស័យ ៥នាក់ កំពុងធ្វើសកម្មភាពកាប់ផ្តួលរំលំដើម និងអារជ្រៀកដើមឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីដដែលបានបន្តថា នៅក្នុងខណៈនោះ ដោយឃើញប្រព្រឹត្តបទល្មើសជាក់ស្តែង កម្លាំងសមត្ថកិច្ចបរិស្ថាន ក៏បានឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់នោះ គឺ១-ឈ្មោះ កែវ លី ភេទប្រុស អាយុ ២៥ឆ្នាំ ២-មាស ហាន ភេទប្រុស អាយុ ២៩ឆ្នាំ ៣- ឌី ហឿ ភេទប្រុស អាយុ ២៤ឆ្នាំ ៤- ទេត ខេម ភេទប្រុស អាយុ៣១ឆ្នាំ និង៥-ឈ្មោះ វាយ ធុន ភេទប្រុស អាយុ២៤ឆ្នាំ ពួកគេទាំងនេះ រស់នៅភូមិច្រេត ឃុំច្រេត ស្រុកជ័យសែន ខេត្តព្រះវិហារ ។ លោកថា ក្រោយការឃាត់ខ្លួនកាលពីថ្ងៃ៣១កក្កដានោះ ក្រុមជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាងបទល្មើសរណាយន្ត ៤គ្រឿង ត្រូវបានបញ្ជូនមកកាន់ស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ និងនៅថ្ងៃទី១សីហាឆ្នាំ២០២១ កម្លាំងឧទ្យារុក្ស ក៏បានបញ្ជូនបន្តមកកាន់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមច្បាប់៕ ដោយ៖ឡុង សំបូរ





































