រដ្ឋបាលខេត្តព្រះវិហារ បានទទួលអំណោយពីសមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីចូលរួមរំលែកការលំបាក ក្នុងកាលៈទេសៈជំងឺកូវីដ១៩ កំពុងបន្តរាលដាលចូលក្នុងសហគមន៍

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ដែលមានការចូលរួមពី អភិបាលរងខេត្ត លោក ស្រី ប៉ាង រ៉ាវី និងនាយករដ្ឋបាលខេត្ត លោក យង់ គឹមហឿង បានអញ្ជើញទទួលអំណោយពី សមាជិកក្រុមប្រឹក្សាខេត្ត លោក កែ សេងគីម រួមទាំងភរិយា នៅថ្ងៃទី២សីហាឆ្នាំ២០២១នេះ នៅសាលាខេត្តព្រះវិហារ។
សមាជិកក្រុមប្រឹក្សាខេត្ត លោក កែ សេងគីម រួមទាំងភរិយា បានឧបត្ថម្ភអំណោយពីរមុខ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ រួមមាន៖ អង្ករ ១ពាន់គីឡូក្រាម ( ១តោន ) និង មីចំនួន ១០កេស ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត នៅក្នុងសកម្មភាពធ្វើយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងបន្តឆ្លងរាលដាលចូលក្នុងសហគមន៍ ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែង ចាត់ទុកការជួយឧបត្ថម្ភអំណោយមកដល់ រដ្ឋបាលខេត្ត របស់សមាជិកក្រុមប្រឹក្សាខេត្ត លោក កែ សេងគីម និងភរិយា ព្រមទាំងក្រុមគ្រួសារ នាពេលនេះ គឺជាកាយវិកា និងការធ្វើសកម្មភាពក្នុងវិស័យមនុស្សធម៌មួយយ៉ាងសំខាន់ ដែលបានចូលរួមចំណែក រំលែកការលំបាករបស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះវិហារ គ្រាដែលរដ្ឋបាលខេត្ត កំពុងប្រឈមនឹងការដោះស្រាយលំបាកនានា ជូនប្រជាពលរដ្ឋ ដែលបានផ្ទុកកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ អ្នកប៉ះពាល់ប្រយោល និងអ្នកកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ( តំបន់លឿងទុំ និងតំបន់ក្រហម) ជាដើម។ លោកអភិបាលខេត្ត ក៏ដូច លោកប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែង អំណរគុណ ចំពោះការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ សមាជិកក្រុមប្រឹក្សាខេត្ត ភរិយា និងក្រុមគ្រួសារទាំងមូល និងលោកអភិបាលខេត្ត បានជូនពរដល់គ្រួសារ សមាជិកក្រុមប្រឹក្សាខេត្ត បានជៀសផុតពីជំងឺកូវី១៩ ដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១៤នាក់បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ០២នាក់ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃដដែលនេះ ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប ចំនួន ៦២៦នាក់ ស្រី២៨៥នាក់ កុមារី ២២នាក់ ជាសះស្បើយចំនួន ៣៤៦នាក់ ស្រី ១៥៨នាក់ កុមារី ១៣នាក់ អ្នកស្លាប់ ០២នាក់ អ្នកកំពុងសម្រាកព្យាបាល ២៧៨នាក់ ស្រី ១២៦នាក់ និងកុមារី ០៩នាក់ ផងនោះដែរ៕ ដោយ ឡុង សំបូរ