ខេត្តព្រះវិហារ៖ សេចក្តីប្រកាសព័ត៌មាន ពីការស្លាប់ទារិកាម្នាក់ និងការរកឃើញអ្នកកើតមេរោគកូវីដ-១៩ថ្មី ៤នាក់បន្ថែមទៀត របស់រដ្ឋបាលខេត្តព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី២សីហាឆ្នាំ២០២១ ទាំងការស្លាប់ទិរកាម្នាក់ និងការឆ្លងថ្មីទាំង ៤នាក់នោះ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។
រដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញថា ទារិកាម្នាក់ដែលបានស្លាប់ ដោយមានវិជ្ជមានជំងឺកូវីដ-១៩ នោះ ឈ្មោះ ប៊ិន យូជិន អាយុ ២ខែ ស្ថិតក្នុងបន្ទុកឪពុកម្តាយ នៅក្នុងភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ទារិកា អាយុ ២ខែខាងលើ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យផ្នែកកុមារ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រុមគ្រូពេទ្យយោធាថា ទារិកាឈ្មោះប៊ិន យូជិន ស្លាប់ដោយសារជំងឺ cerebral beriberi (កង្វះវីតាមីន B1 ធ្ងន់ធ្ងរ ប៉ះពាល់ដល់ខួរក្បាល)។
ទន្ទឹមនឹងការស្លាប់ទារិកា ប៊ិន យូជិន អាយុ ២ខែនោះ រដ្ឋបាលខេត្តព្រះវិហារ ក៏បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤នាក់បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត យោងតាមលទ្ធផល នៃការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២សីហាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃដដែលនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៦៣០នាក់ ស្រី ២៨៨នាក់ កុមារី ២២នាក់ ជាសះស្បើយ ៣៤៦នាក់ ស្រី ១៥៨នាក់ កុមារី ១៣នាក់ និងស្លាប់ ២នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ២៨២នាក់ ស្រី ១២៩នាក់ និងកុមារី ៩នាក់៕ ដោយ៖ ឡុង សំបូរ





































