ព្រះសីហនុ: ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ចំនួន៤គោលដៅនៃស្រុកព្រៃនប់ មានដូចជាឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តម គួច ចំរើន អរគុណក្រុមការងារដែលចាត់ចែងទទួលបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារទាំងអស់មានសណ្តាប់ធ្នាប់ ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩និងដើម្បីជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ត្រូវនាំកូនចៅមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យក្មួយៗកុមារទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាធនធានដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍ គ្រួសារនិងសង្គមជាតិនៅថ្ងៃអនាគត។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថា កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំទៅដល់១៧ឆ្នាំ នៅទូទាំងស្រុកព្រៃនប់ មានចំនួនជាង ១៤០០០នាក់។រយៈពេល៣ថ្ងៃកន្លុងមកនេះ ចាក់បានចំនួន៥៥២៣នាក់ហើយនិងកំពុងមកចាក់ជាបន្តបន្ទាប់រាល់ថ្ងៃ។នៅតាមគោលដៅទាំងអស់មានមន្ត្រីតាមគោលដៅក៏បាននៅជួយសម្របសម្រួលជូនពួកគាត់់ រាល់ថ្ងៃផងដែរ។
តាមការគ្រោងទុកយុទ្ធនាការនេះនឹងបញ្ចប់នៅថ្ងៃទី១០ខែសីហាឆ្នាំ២០២១ ដូច្នេះសូមរូតរះនាំកូនចៅមកទទួលវ៉ាក់សាំងការពារកូវីដអោយបានទាន់ពេលវេលា។