ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ បានចុះបង្ក្រាបដោយផ្ទាល់ រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ ដែលឈើទាំងនោះ ទំនងដឹកជញ្ជូនចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានភូមិសាស្ត្រជាប់ខេត្ត ៤ គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តក្រចេះ។
ការឆ្មក់ចាប់រថយន្តដឹកឈើ១គ្រឿងនោះ គឺ ព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ បានចុះអនុវត្តដោយផ្ទាល់ កាលពីម៉ោងប្រមាណ ៣ និង៤០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៤ខែសីហាឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ ១ខ្សែ ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពេលដែលលោកព្រះរាជអាជ្ញាខេត្ត ចុះឆ្មក់ចាប់រថយន្តដឹកឈើរបស់ក្រុមឈ្មួញ ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម នៅលើដែនដីរដ្ឋបាលស្រុកជ័យសែន នោះ ពិសេស ការចុះបង្ក្រាបនៅយប់មិញនេះ គឺក្រុមឈ្មួញឈើបានយករថយន្តរបស់ក្រុមគេ មកបិទផ្លូវរថយន្តលោកព្រះរាជអាជ្ញាខេត្ត ដើម្បីរារាំងកិច្ចការសមត្ថកិច្ច នៅក្នុងការប្រដេញស្ទាក់ចាប់ រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ ដែលគេសង្ស័យថា ឈើទាំងនោះ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនចេញ ពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់។ ប៉ុន្តែ បើទោះបីក្រុមឈ្មួញបានយករថយន្ត មកបិទខ្ទប់រថយន្តលោកព្រះរាជអាជ្ញាខេត្តជាប់យ៉ាងណាក្តី ក៏ក្រុមការងារលោកព្រះរាជអាជ្ញា នៅតែអាចជម្នះការររាំងនោះ និងចាប់បានរថយន្តដឹកឈើល្មើសច្បាប់ ប្រភេទកែច្នៃ១គ្រឿង ព្រមទាំងរឹបអូសបានប្រភេទឈើអាររាប់សិបដុំ និងសន្លឹក នៅក្នុងយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤សីហាឆ្នាំ២០២១នេះ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រុមឈ្មួញឈើ នៅពេលដឹងថា លោកព្រះរាជអាជ្ញាខេត្ត ចុះបង្ក្រាបរថយន្តដឹកឈើនោះមក អ្នកបើកបររថយន្ត និងអ្នកពាក់ព័ន្ធក្នុងការដឹកជញ្ជូនបទល្មើស បានរត់ចែកជើងគ្នាអស់ទាំងយប់។ ចំណែក រថយន្តដឹកឈើ បានរងការខូចខាតធ្ងន់ មិនអាចបើកទៅមុខបានទៀតនោះទេ លោកព្រះរាជអាជ្ញា បានបញ្ជាមន្ត្រីព្រៃឈើ ឲ្យយករថយន្តផ្សេងមកសាងឈើ និងបញ្ជូនយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការតាមច្បាប់។
សេចក្តីរាយការណ៍ដាច់ដោយឡែក មួយផ្សេងទៀត បានឲ្យដឹងថា ក្រុមរថយន្តស៊ីណា និងប្រភេទរថយន្តទំនើបៗជាច្រើនគ្រឿងទៀត ដែលបានធ្វើសកម្មភាពចូលដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងស្រុកសង្គមថ្មី ហើយត្រូវបានកម្លាំងបរិស្ថានរុករក ជាមួយនឹងការប្រដេញស្ទាក់ចាប់ពី មន្ត្រីរដ្ឋបាលព្រៃឈើ នៅយប់ថ្ងៃទី២សីហា និងនៅព្រឹកថ្ងៃទី៣សីហាម្សិលមិញនោះ រថយន្តដឹកឈើទាំងនោះ បានបើកគេចសមត្ថកិច្ចទៅជ្រកពួននៅក្នុងព្រៃ និងក្រោយមក នៅម៉ោងប្រមាណជាង ២រសៀល រថយន្តដឹកជញ្ជូនឈើទាំងនោះ បានបើកចាកចេញ ដោយឆ្លងកាត់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ បានយ៉ាងរលូន គ្រាដែលកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងនគរបាលខេត្ត បានដាក់ប៉ុស្តិ៍ប្រចាំការត្រួតពិនិត្យបទល្មើសនៅទីនោះ ២៤ម៉ោង លើ២៤ម៉ោង យ៉ាងតឹងរឹងបំផុត។ តែទីបំផុត រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ នៅតែអាចបើកចាកចេញពីខេត្តព្រះវិហារ បានយ៉ាងរលូនជាដដែល។
សហគមន៍ការពារព្រៃឈើ បានលើកឡើងថា ប្រសិនបើអាជ្ញាធរខេត្ត នៅតែព្រងើយកន្តើយ ដោយមិនចាត់វិធានការបង្ក្រាប ក្រុមឈ្មួញឈើ ឈ្មោះ ភ័ក្ត្រ នោះទេ នោះឈើដែលនៅសេសសល់ចុងក្រោយ នៅតំបន់បេតិកភណ្ឌភ្នំត្បែង នឹងរងការវិនាសបង់អស់ជាក់ជាពុំខានឡើយ។ ហើយគេមិនជឿងថា អាជ្ញាធរខេត្តព្រះវិហារ មិនហ៊ានបង្ក្រាបក្រុមឈ្មួញឈើទាំងអស់នោះទេ។
រាជរដ្ឋាភិបាលកម្ពុជា តែងបានដាក់ចេញ នូវអនុក្រឹត្យជាបន្តបន្ទាប់ ស្តីពីវិធានការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ការពារធនធានធម្មជាតិ និងជីវចម្រុះឲ្យបានគង់វង្ស និងនៅរយៈពេលចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចបង្កើតគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងយន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែ នៅក្នុងពេលនេះ សកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ កំពុងតែមានសន្ទុះគួរឲ្យកត់សម្គាល់ ដោយឈ្មួញបានប្រើប្រាស់រថយន្តសុទ្ធតែទំនើបៗ យកមកដឹកជញ្ជូនឈើ ហើយអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ហាក់គ្មានសមត្ថភាពបង្ក្រាបក្រុមនេះបានទាល់តែសោះ សំនួរសួរថា តើឈ្មួញឈើខ្លាំងជាង ឬក៏អាជ្ញាធរខេត្តធំជាង? ៕ ដោយ៖ឡុង សំបូរ





































