រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង៤០ម៉ឺនដូស ត្រូវបានដឹកមកដល់កម្ពុជា នាថ្ងៃនេះ !

រាជធានីភ្នមពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាង៤០ម៉ឺនដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស គ្រាដែលវ៉ាក់សាំង Oxford AstraZeneca មកដល់កម្ពុជា នៅម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី៥សីហាឆ្នាំ២០២១នេះ។
វ៉ាក់សាំងដែលចក្រភពអង់គ្លេស ផ្តល់ជូនកម្ពុជានេះ គឺជាជំនួយទ្វេភាគី គឺជាការផ្តល់ដោយផ្ទាល់មកកម្ពុជា ដោយពុំបានឆ្លងកាត់តាមមជ្ឈមណ្ឌលកូវ៉ាក់នោះឡើយ។ ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីប្រទេសចិន និងប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត។
នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា «ពេលនេះលែងនិយាយអីកើតហើយថា ហ៊ុន សែន ស្អីក៏ពឹងចិន ព្រោះជប៉ុន ឲ្យមកក៏យក អាមេរិកឲ្យមកក៏យក អង់គ្លេសឲ្យមកក៏យក អូស្ត្រាលី ឲ្យមកក៏យក ខ្ញុំមិនដែលបដិសេធពីពេលណា។ គ្រាន់តែខ្ញុំដឹងច្បាស់ថា ប្រភពណាជាប្រភពបង្អែក ដែលផ្គត់ផ្គង់ឲ្យយើង ទាំងផ្តល់ជំនួយផង ទាំងទិញបានផង» ហើយរាល់ជំនួយវ៉ាក់សាំងទ្វេភាគី គឺសម្តេចនឹងចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្ត រួមមាន៖ ប្រទេសចិន ចំនួន ៣.២លានដូស, ប្រទេសជប៉ុន ១លានដូស និងចក្រភពអង់គ្លេស ៤១៥,០០០ដូស និងប្រទេសកម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស ផងដែរ៕ ដោយ៖កុលបុត្រខ្មែរមហារនគរ