រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើរប្រទេសអង់គ្លេស បន្តផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកដល់កម្ពុជា គឺនៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង អាស្ត្រាហ្សេនីកា AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស នៅម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី៥សីហាឆ្នាំ២០២១នេះ។
ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា លោក ម៉ាក ហ៊ែរ (Marc Tayre) បានថ្លែងថា ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដល់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើងវិញ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ការផ្តល់ជំនួយវ៉ាក់សាំង ដោយចក្រភពអង់គ្លេស នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមនៃជំងឺរាតត្បាត ចក្រភពអង់គ្លេស បានដឹកនាំ និងខិតខំប្រឹងប្រែង ដើម្បីការពារមនុស្សជាតិ ប្រឆាំងនឹងជំងឺជំងឺដ៏សាហាវនេះ»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំង៤១ម៉ឺន ៥ពាន់ «៤១៥,០០០»ដូសនេះ។ សម្តេចតេជោ បានចាត់ទុកជំនួយវ៉ាក់សាំងរបស់ចក្រភពអង់គ្លេស មកដល់កម្ពុជានាពេលនេះ គឺជាជំនួយដ៏ថ្លៃថ្លា និងជាសណ្តានចិត្តជួយគ្នា ក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅគ្រប់ទិសទីនៃពិភពលោក។
ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីប្រទេសចិន និងជប៉ុន ហើយមកដល់ពេលនេះ កម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្ត រួមមាន៖ ប្រទេសចិន ចំនួន ៣.២លានដូស, ប្រទេសជប៉ុន ១លានដូស និងចក្រភពអង់គ្លេស ៤១៥,០០០ដូស និងកម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស ថែមទៀតផង៕ ដោយ៖កុលបុត្រខ្មែរមហារនគរ





































