ព្រះវិហារ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ ចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ ដោយអនុវត្តន៍លើស្រុកចំនួន៥ បន្ទាប់ពីក្រុង ស្រុកចំនួន៣ គឺស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀងបានបើកយុទ្ធនាការចាក់លើកទី១ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ» ស្រុកចំនួន៥នោះរួមមាន៖ ស្រុកត្បែងមានជ័យ, ស្រុកឆែប, ស្រុកជ័យសែន, ស្រុកសង្គមថ្មី និងស្រុកគូលែន។
វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវចាក់ជូនប្រជាពលរដ្ឋទាំង៥ស្រុក គឺប្រភេទ Johnson & Johnson ជាផលិតផលរបស់សហរដ្ឋអាមេរិក ហើយវ៉ាក់សាំងនេះ គឺយើងចាក់តែ ១ដូសទេ គឺគ្រប់គ្រាន់ហើយសម្រាប់មនុស្ស១នាក់។ មកដល់ថ្ងៃនេះ មន្ទីរសុខាភិបាលខេត្តបានទទួលវ៉ាក់សាំង Johnson & Johnson នេះចំនួន ៥១,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៥១,០០០នាក់ ផងដែរ។
យោងតាមផែនការ«ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទាំង៥ស្រុក ក្នុងខេត្តព្រះវិហារនៅថ្ងៃនេះ គឺយើងចាប់ផ្តើមចាក់ពីតំបន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច ទេសចរណ៍តាមស្រុកនីមួយៗ រហូតដល់តំបន់នានា ក្នុងស្រុកនីមួយៗផងដែរ»។
រដ្ឋបាលខេត្តសូមអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនជានិច្ចនិងគ្រប់ពេលវេលា កុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងនពីជំងឺកូវីដ១៩។ ពិសេសពេលមកទទួលការចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ជាយថាហេតុ៕





































