រដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញមេរោគបំប្លែងថ្មី Delta លើអ្នកវិជ្ជមានជំងឺកូវីដ១៩ ពីរនាក់ ក្រោយការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា !

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសរកឃើញមេរោគបំប្លែងថ្មី Delta លើអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលបានធ្វើដំណើរមកពីខេត្តឧត្តរមានជ័យ ឆ្លងតាមច្រកស្រឡៅ ចូលមកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញខេត្ត ធ្វើតេស្តរហ័ស និងការយកសំណាក PCR បញ្ជូនទៅប៉ាស្ទ័ររកមើលប្រភេទមេរោគ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅម៉ោង៣ និង១០នាទី ថ្ងៃទី៥សីហាឆ្នាំ២០២១នេះ បានបង្ហាញពីលទ្ធផល ជាមួយការបញ្ជាក់ថា បុរសទាំងពីរនាក់ ម្នាក់ឈ្មោះ ផល សុភាព អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ ភាព ធារ៉ា អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មកពីខេត្តឧត្តរមានជ័យ មានមេរោគប្រភេទ Delta ។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់ ដែលបានរកឃើញមេរោគប្រភេទ Delta បំប្លែងថ្មីនេះ គឺជាអ្នកជំងឺដែលបានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ១៩ (មណ្ឌលចត្តាឡីស័កកម្រិត២)។ ជុំវិញរឿងនេះ មន្ត្រីជំនាញថ្នាក់ខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីផ្ញើសំណាកវត្ថុវិភាគ ទៅវិទ្យាស្ថានប៉ាស្ទ័រ វិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី ទៅតាមបច្ចេកទេសបសុខាភិបាលបន្តទៀត។
រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ បំប្លែងថ្មីនេះឲ្យបានខ្ពស់ ត្រូវការពារខ្លួន និងសមាជិកគ្រួសារ ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។
ទន្ទឹមនេះ រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានប្រកាសរកពុំឃើញ អ្នកឆ្លងមេរោគកូវីដ១៩ ថ្មីនោះទេ នៅថ្ងៃទី៥សីហាឆ្នាំ២០២១នេះ។ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃនេះផងដែរ ខេត្តស្ទឹងត្រែង មានអ្នកវិជ្ជមានមេរោគកូវីដ១៩ សរុប ៥០៣នាក់ ស្រី ២២៧នាក់ ក្នុងនេះមានប្រភេទDelta ចំនួន ២នាក់ អ្នកជាសះស្បើយ ៤៥០នាក់ ស្រី ២០៣នាក់ កំពុងសម្រាកព្យាបាល ២៩នាក់ ស្រី ២២នាក់ និងករណីស្លាប់ ៤នាក់ ស្រី ២នាក់៕ ដោយ៖ឡុង សំបូរ