រាជធានីភ្នំពេញ៖ ផ្លូវទំនប់កប់ស្រូវ ត្រូវគេឃើញ មានរថយន្តដឹកដីរាប់សិបគ្រឿង បើកយ៉ាង ប្រសេកប្រសាច បង្ករការភ័យខ្លាចដល់អ្នកធ្វើដំណើរ ដែលអាចប្រឈមនឹងករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ គ្រាដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់លើផ្នែកសណ្តាប់ធ្នាប់ នៅតាម ដងផ្លូវសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ពិសេស ការរៀបចំសម្រាប់អ្នកថ្មើជើង និងជនពិការ ថែមទៀតផង។
ជារៀងរាល់ថ្ងៃ នៅលើមហាវិថីឈ្នះ ឈ្នះ ឬ ហៅ ផ្លូវទំនប់កប់ស្រូវ កំពុងប្រឈម នឹងរងការគ្រោះ ថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ ដែលអាចបណ្ដាលមកពីរថយន្តដឹកដីរាប់សិបគ្រឿង តែងតែបើកប្រដេញបន្តកន្ទុយគ្នាជាខ្សែៗ និងដោយមិនបានអនុវត្តទៅតាមការណែនាំ របស់ក្រសួងសាធា រណការ និងដឹកជញ្ជូនឲ្យបានត្រឹមត្រូវ ដោយតម្រូវឲ្យរថយន្តទាំងអស់ ធ្វើការបិទគ្រប ជៀសវាងធ្វើឲ្យដី ធ្លាក់រាយប៉ាយ និងហុយដីពេញផ្លូវ បង្ករទៅជាបំពុលបរិស្ថាន ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ជាពិសេស អ្នកធ្វើដំណើរ អាចប្រឈមនឹងហានីភ័យធ្ងន់ធ្ងរ ពីការកើតឡើង គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពីរថយន្តដឹកជញ្ជូនដីទាំងនោះ។
មហាវិថីឈ្នះ ឈ្នះ ឬ កំណាត់ផ្លូវទំនប់កបស្រូវ គឺជាផ្លូវ១ខ្សែ ដែលបានតភ្ជាប់ពីស្ពានព្រែកព្នៅ ទៅរណ្ដៅដីឧកញ៉ា ញឹក ផន ហៅ តាកៅ នៅស្របនឹងបឹងតាមោក «ហៅបឹងកប់ស្រូវ»នៅជាប់ព្រំប្រទល់ ខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងមួយផ្នែកទៀត ជាប់នឹងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បាននិយាយថា ដោយសារតែរណ្ដៅដីរបស់លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលកំពុងតែជីកលុងយ៉ាងជ្រៅ ជម្រៅរាប់សិបម៉ែត្រ ផ្នែកផ្ទៃដីប្រមាណមិនតិចជាង ២០ហិចតា នៅបឹង តាមោក នឹងមានការអភិវឌ្ឍចាក់លុបបឹងនៅតំបន់នោះ នៅក្នុងមួយថ្ងៃៗរថយន្តរាប់រយគ្រឿង បានធ្វើ ដំណើររាប់ពាន់ជើង យ៉ាងប្រសេចប្រសាចនៅលើដងផ្លូវ មិនបានគោរពនូវការណែនាំរបស់អាជ្ញាធរ ដែនដីនោះឡើយ នៅពេលដឹកដីបើកបរលើផ្លូវ មិនបានគ្រប ឬបិទតង់ពីលើនោះទេ បណ្តាលឲ្យដី ធ្លាក់រាយប៉ាយ និងហុយពេញទ្រូងផ្លូវ នៅរដូវប្រាំង និងរអិលនៅរដូវវស្សា ធ្វើឲ្យអ្នកដំណើររងគ្រោះថ្នាក់ នៅពេលបើកបរនៅលើដងផ្លូវនោះ។
នៅរយៈកាលកន្លងមក គេតែងសង្កេតឃើញថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលជាបន្តបន្ទាប់ ដោយសារតែអ្នកបើកបរថយន្តដឹកដី មិនបានគោរពច្បាប់ចរាចរណ៍ តាមរយៈការបើកបរជែងគ្នា និងការបើកប្រដេញគ្នាជាដើម។
ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក៏ដូចប្រជាពលរដ្ឋ ដែលកំពុងរស់នៅអមសងខាងផ្លូវនេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គួរមានវិធានការ ឬចំណាត់ការយ៉ាងណា ចំពោះ រថយន្តដឹកដី ដែលមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញ និងអាជ្ញាធរដែនដី ដែលតែងបាន ដាស់តឿនជារឿយហើយនោះ៕





































