ពិធីប្រគល់បំពង់បញ្ចូលខ្យល់ អុកស៊ីសែនដល់មន្ទីរពេទ្យប៉ោយប៉ែត

បន្ទាយមានជ័យះបំពង់បញ្ចូលអុកស៊ីសែនចំនួន 979 បំពង់ (ដប) ដែលជាអំណោយទឹកចិត្ត សប្បុរសជនដ៏ថ្លៃថ្លាពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិងលោកជំទាវ ឯកឧត្តម សរសុខានិងលោកជំទាវ ឯកឧត្តម អ៊ុ រាត្រីនិងលោកជំទាវ លោក គាត ហ៊ុល ក្រុមយុវជន157 និងព្រះតេជគុណ ប៉ោ សុខឿន ព្រះចៅអធិការវត្តកូនដំរីព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃទី 6 ខែសីហាឆ្នាំ 2021 ត្រូវបានធ្វើពិធីប្រគល់ជូនដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយក្នុងនោះមានការនិមន្តអញ្ជើញប្រគល់ ដោយផ្ទាល់ដៃពីព្រះសមណាភិរ័ត ប៉ោ សុខឿន លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត។ ព្រះតេជគុណ ប៉ោ សុខឿន បានមានសង្ឃដីកាបញ្ជាក់ថា ការផ្តល់ជួយឧបត្ថម្ភនៅបំពង់បញ្ចូលអុកស៊ីសែន ជូនដល់មន្ទីរពេទ្យនាថ្ងៃនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាល អ្នកជំងឺក្នុងមន្ទីរពេទ្យជាពិសេសអ្នកជំងឺកូវីដ 19 មានសភាពធ្ងន់ធ្ងរគេចាំបាច់បំផុតត្រូវបញ្ចូលខ្យល់អុកស៊ីសែន ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់នោះ។ ព្រះតេជគុណមានសង្ឃដីកាបន្តថា សណ្តានចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រី ប្រជាពុទ្ធបរិស័ទទាំងអស់គឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ប្រពៃបំផុតដែលជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង ដើម្បីជួយថែទាំនិងព្យាបាលអ្នកជំងឺគ្រប់ប្រភេទ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាការឆ្លើយតបផងដែរ ព្រះតេជគុណ ប៉ោ សុខឿន ក៏បានធ្វើការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ញាតិញោមក្រុមការងារគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង គ្រប់ឧបសគ្គជួយដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ដែលជាបញ្ហាប្រឈមជាខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយក៏សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការ 3 ការពារនិង 3កុំឲ្យបានខ្ជាប់ខ្ជួន។