ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ ១១៣ /២១ សសរ ចុះថ្ងៃទី៦ខែសីហាឆ្នាំ២០២១ សម្រេចបិទខ្ទប់ និងកំណត់ស្រុកជាំក្សាន្ត ជាតំបន់ក្រហម ស្ថិតក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៦សីហា រហូតដល់ថ្ងៃទី២០សីហាឆ្នាំ២០២១។ រដ្ឋបាលខេត្ត បានគូសផែនទី នៃការកំណត់ភូមិសាស្ត្រខាងលើ ជា”តំបន់ក្រហម” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ នៃសេចក្តីសម្រេចនេះ។
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសថា នៅក្នុងកំឡុងពេល នៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រ ដែលបានកំណត់ជា “តំបន់ក្រហម” បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬ ទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅដ្ឋាន ឬ ទីសំណាក់របស់ខ្លួន។ ប៉ុន្តែ ការធ្វើដំណើរចេញក្រៅពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ឬ ការធ្វើដំណើរចេញចូល “តំបន់ក្រហម” អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់។ ចំពោះ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ និងក្នុងកំឡុងពេល នៃការបិទខ្ទប់ ការធ្វើដំណើរចេញចូល ការឆ្លងកាត់ភូមិសាស្ត្រស្រុកជាំក្សាន្ត ត្រូវបានហាមឃាត់ ការធ្វើដំណើរចេញចូលបានក្នុងករណីចាំបាច់ ដូចជា ការដឹកជញ្ជូនម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ ដើម្បីបម្រើឲ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ហើយសកម្មភាព នៃការដឹកជញ្ជូននេះ មិនត្រូវបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនមនុស្ស ជាដើម។ល។
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសទៀតថា បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តខ្លឹមសារ នៃប្រការ២ និងប្រការ៣ នៃសេចក្តីសម្រេចនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិនានា ជាធរមាន។
សេចក្តីសម្រេចលេខ ១០៧/២១ សសរ ចុះថ្ងៃទី៣១កក្កដាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីការកំណត់ឃុំជាំក្សាន្ត ជា “តំបន់ក្រហម” ការកំណត់ឃុំទឹកក្រហម ឃុំរំដោះស្រែ និងឃុំមរកត ជា “តំបន់លឿងទុំ” ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីផ្ទុយពីសេចក្តីសម្រេចនេះ ទុកជានិរាករណ៍៕ ដោយ៖ឡុង សំបូរ





































