អាជ្ញាធរខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនមន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យ ឆ្លងជំងឺកូវីដ បំប្លែងថ្មី Delta នៅខេត្តជាប់ព្រំដែនថៃ !

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ បានអញ្ជើញជាអធិបតី និងដឹកនាំមន្ត្រីខេត្តគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ មន្ទីរ អង្គភាព នៃកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីថ្នាក់ដឹកនាំក្រុង -ស្រុកទាំង៨ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta កាលពីថ្ងៃទី៨សីហាឆ្នាំ២០២១ ។
ការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជូនដល់មន្ត្រីជួរមុខទាំងអស់ នឹងធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨សីហា ដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ នៅសាលាខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣ បន្ថែម ជំរុញឲ្យមានអង្គទីគ័រក្នុងខ្លួនយើង ប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខ ដូចជា គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងទាំង៣ នៅក្នុងខេត្តជាប់ព្រំដែនថៃ ហើយក្នុងនោះក៏មានខេត្តព្រះវិហារ ផងនោះដែរ។
លោក ប្រាក់ សុវណ្ណ លោកអភិបាលខេត្តព្រះវិហារ មានប្រសាសន៍ទៀតថា កន្លងមក រដ្ឋបាលខេត្ត បានចាក់វ៉ាក់សាំងជូនកងកម្លាំងទាំង៣ មន្ត្រីរាជាការនៅទូទាំងខេត្ត បានចំនួន ២ដូស រួចមកហើយ និងក៏បានចាក់ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ បានចំនួន ៨ ក្រុង-ស្រុក គឺប្រជាពលរដ្ឋ ១០០ភាគរយ ក្នុងនោះមាន ក្រុងព្រះវិហារ ស្រុករវៀង និងស្រុកជាំក្សាន្ត កំពុងបន្តចាក់ដូសទី២។ ចំណែកឯ ស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ កំពុងចាក់វ៉ាក់សាំង Jonhson & Jonhson ចំនួន ១ដូស តែប៉ុណ្ណោះ។ ប៉ុន្តែ មិនទាន់គ្រប់ចំនួនប្រជាពលរដ្ឋទាំងអស់នោះទេ គឺបានប្រមាណ ៧០ភាគរយ តែប៉ុណ្ណោះ ដូច្នេះប្រជាពលរដ្ឋខេត្តព្រះវិហារ ជិតទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នាហើយ និងត្រៀមចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំជាបន្តទៀតផងដែរ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណ ដល់បុគ្គលិកពេទ្យ កងកម្លាំងទាំង៣ អាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន និងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម នៅគ្រប់សកម្មភាព នៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស នៅក្នុងកំឡុងពេលបិទខ្ទប់ភូមិសាស្ត្រខេត្ត និងតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រខេត្ត គឺពិតជាមានការលំបាកយ៉ាងច្រើនអនេក ចំពោះមន្ត្រីគ្រប់ស្ថាប័នរដ្ឋ អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកអភិបាលខេត្ត បានចាត់ទុកសកម្មភាពទាំងនេះ គឺជាកាតព្វកិច្ច និងតួនាទី រួមគ្នាទទួលខុសត្រូវ ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដែលស្របទៅនឹងគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវ និងប្រកដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ «អនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តព្រះវិហារ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាលចំនួន ៦ពាន់ ២០០ដូស សម្រាប់ចាក់ជូនមន្ត្រីរាជការជួរមុខ ដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ ការឆ្លងជំងឺកូវីដ១៩ ជាពិសេស កូវីដ បំប្លែងថ្មី Delta។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងទៀតថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូន មន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ ការឆ្លងជំងឺកូវីដ១៩ ព្រោះត្បិត កងកម្លាំងប្រដាប់អាវុធ មានភារកិច្ចក្នុងកិច្ចការងារ ការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់ អាចនឹងមានការប្រឈមខ្លាំងជាងគេ ក្នុងគ្រាដែលពលករខ្មែរ បានវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកកំណើតវិញ ខណៈដែល រាជរដ្ឋាភិបាល នឹងប្រកាសសម្រេចឲ្យពលករខ្មែរ វិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសផងខ្លួន នោះប្រសិនបើមានវិជ្ជមានជំងឺកូវីដ១៩។
គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យគណៈកម្មការជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើន បានវិលត្រឡប់ មកពីប្រទេសថៃ ចូលកម្ពុជាវិញ។