នាយផ្នែកគ្រឿងញៀននៃអធិការក្រុងទទួលអំណោយ ពីសប្បុរសជន ខណ:កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់

0

ខេត្តបាត់ដំបង: មន្ត្រីនគរបាលមួយរូប ដែលមានរោគសញ្ញា រលាកបេះដូងធ្ងន់ធ្ងរ ហើយកំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យព្យាបាល និងតាមដានយ៉ាងយកចិត្តទុកដាក់នោះ ក៏មានសប្បុរសជនជួយជាថវិកាផងដែរ ស្របពេលដែលអ្នកជំងឺកំពុងខ្វះខាតលុយកាក់ក្នុងការបន្តទៅព្យាបាលនៅទីក្រុងភ្នំពេញ។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំសប្បុរសជន ដើម្បីនាំយកថវិកាមួយចំនួនទៅប្រគល់អោយមន្ត្រក្រោមឱវាទរបស់ខ្លួនដែលមានឈ្មោះ ខាត់ បូរី នាយផ្នែកប្រឆាំងគ្រឿងញៀន កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

យោងតាមប្រសាសន៍របស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកជំងឺរូបនេះ គឺមានអការ: រលាកបេះដូងកម្រិតធ្ងន់ ដែលតម្រូវអោយអ្នកជំងឺត្រូវទៅព្យាបាលនៅក្រុងភ្នំពេញ ប្រសិនបើមានលទ្ធភាព ប៉ុន្តែនៅក្នុងដំណាក់កាលនេះក្រុមគ្រួសាររបស់អ្នកជំងឺសុខចិត្តនៅព្យាបាលក្នុងខេត្តសិន ដោយសារមិនមានថវិកា។

អំណោយដែលលោកអធិការនាំយកទៅប្រគល់នាព្រឹកនេះដែរគឺមានថវិកាសរុបចំនួន ២.៤០០.០០០ រៀល ដែលក្នុងនោះគឺលោក លឿង សម្បត្តិ ( មន្ត្រីកងរាជអាវុធហត្ថខេត្ត ) ១.០០០.០០០ រៀល លោក តាំង ផេងហុី ទឹកប្រាក់ចំនួន ១.០០០.០០០ រៀល និងរបស់លោកអធិការនគរបាលក្រុងផ្ទាល់ចំនួន ៤០០.០០០ រៀល ។

ទន្ទឹមនិងការថ្លែងអំណរគុណទៅលើម្ចាស់អំណោយនេះដែរ ក្រុមគ្រួសារអ្នកជំងឺក៏បានអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភទៅតាមទឹកចិត្តដើម្បីបានថវិកាទាំងនេះសម្រាប់ព្យាបាលស្វាមីបន្ត ហើយក៏អាចឈានទៅព្យាបាលនៅទីក្រុងភ្នំពេញ ប្រសិនបើមានលទ្ធភាព៕ អត្ថបទ : សោ និយមរ័ត្ន