ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តតាកែវ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន០២ គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ៨.០០០.០០០៛ (ប្រាំបីលានរៀល)។
គ្រួសារទី១-ថវិកាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)ជូនដល់លោកស្រី ប៉ុក សំអុល ដែលត្រូវជាភរិយាសពលោក ចាន់ ភូមិរ៉ា (អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍) បានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយជម្ងឺ(បេះដូងចំហ) ស្ថិតនៅភូមិព្រៃខ្លាខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
គ្រួសារទី២-ថវិកា ចំនួន២.០០០.០០០៛(ពីរលានរៀន)ជូនដល់លោក មុី គ្រឿន (អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍)ត្រូវជាស្វាមីសពលោកស្រី ជុំ នឹម បានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដោយជម្ងឺ(បេះដូងរីក) ស្ថិតនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕





































