ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដឹកនាំមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរជាង ៣០នាក់ ចាក់វ៉ាកសាំង Astra Zeneca ដូសទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារការឆ្លងជំងឺកូវីដ បំប្លែងថ្មី Delta !

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានដឹកនាំ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីគ្រប់ផ្នែក និងគ្រប់ជំនាញជាង ៣០នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Astra Zeneca ដូសទី៣ ជាដូសជំរុញ ក្នុងការបង្កើនប្រសិទ្ធភាពការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី Delta និងដើម្បីមានឱកាសក្នុងការចុះយកព័ត៌មាន ក្នុងគ្រប់សកម្មភាពនានារបស់ អាជ្ញាធរខេត្ត ក្រុង-ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្តព្រះវិហារ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តព្រះវិហារ។
លោកស្រី ហែម សុគុណពិសី បានថ្លែង ដោយសម្តែងការដឹងគុណជាពន្លឹក ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេនីកា Astra Zeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដល់កម្ពុជា ដើម្បីចាក់ជូនមន្ត្រីជួរមុខ មន្ត្រីរាជការ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធទាំង៣ រួមនឹងប្រជាជនទូទាំងប្រទស ផងនោះដែរ។
ទន្ទឹមនេះ លោក ស្រី ហែម សុគុណពិសី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជាពិសេស អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ដែលបានយកចិត្តទុកដាក់ ដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត និងមន្ត្រីគ្រប់ផ្នែក និងការិយាល័យជំនាញទាំងអស់ ហើយបានផ្តល់ឱកាស ទទួលបានចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ជាពិសេស កូវីដ បំប្លែងថ្មី Delta នាពេលនេះ។
លោកស្រី ហែម សុគុណពិសី បានណែនាំដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវចាក់វ៉ាកសាំង Astra Zeneca ដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួលក្នុងការចូលបំពេញភារកិច្ច និងការចុះយកព័ត៌មាននានា ក្នុងគ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជុំវិញកិច្ចអភិវឌ្ឍរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ៕ ដោយ៖ ឡុង សំបូរ