ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង គ្រោងនឹងបង្កើតក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យ និងវាយតម្លៃដីធ្លីជាក់ស្តែងនោះ គឺនៅក្នុងកិច្ចប្រជុំពិភាក្សាមួយរបស់ គណៈកម្មាការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ស្តីពីការបែងដីសម្បទានសង្គមកិច្ចក្នុងគម្រោង (LASED III )ជូនប្រជាពលរដ្ឋ ដែលមានជំវីភាពខ្វះខាតពិតប្រាកដ ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី១០សីហាឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លោក ម៉ិញ ស៊ីចាយ បានថ្លែងថា ការស្នើសុំរៀបចំបែងចែកដីសម្បទានសង្គមកិច្ច ក្នុងគម្រោង(LASED III )ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យនេះ ធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតយ៉ាងពិតប្រាកដ ជាពិសេស នៅក្នុងឃុំព្រះរំកិលនេះតែម្តង។ លោកថា តាមរយៈគម្រោង(LASED III)នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចមានជីវភាពល្អប្រសើរឡើងវិញបាន ព្រោះកន្លងមក រាជរដ្ឋាភិបាល ធ្លាប់បានធ្វើជោគជ័យម្តងរួចមកហើយ តាមរយះគម្រោង (LASED II)។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដែលជាប្រធានគណៈកម្មាកាគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មានប្រសាសន៍ថា លោកមានការគាំទ្រ ចំពោះការរៀបចំផែនការ បែងចែកដីសម្បាទានសង្គមកិច្ច តាមរយះគម្រោង (LASED III) ព្រោះនេះជាគម្រោងមួយ ដែលអាចឈានឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ និងជួយដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យនេះ ដែលមានស្ថានភាពខ្វះខាត អាចនឹងមានលទ្ធភាពស្តារសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ បានល្អប្រសើរឡើងវិញ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាខេត្តបានសម្រេចបង្កើតរៀបចំក្រុមការងារចម្រុះមួយ ដើម្បីចុះទៅសិក្សាលើផ្ទៃដីជាក់ស្តែង ពីគម្រោងបែងចែកដីសម្បទានសង្គមកិច្ច ក្នុងគម្រោង (LASED III ) ដើម្បីស៊ីជម្រៅលើផលប៉ះពាល់ និងទីតាំងផ្ទៃដីដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ហាផ្សេងៗ ដែលអាចកើតមានលើផ្ទៃដីគម្រោង ដែលកំពុងត្រៀមបែងចែកជូនប្រជាពលរដ្ឋ និងស្នើរទៅកាន់ រាជរដ្ឋាភិបាល ដើម្បីសម្រេច ក្រោយបញ្ជប់ការចុះសិក្សាលើផលប៉ះពាល់ដីជាក់ស្តែង។ លោកអភិបាលខេត្តស្ទឹងត្រែង រំពឹងថា ប្រជាពលរដ្ឋនៅក្នុងជាប់ព្រំដែនឡាវ មួយនេះ នឹងមានជីវភាពល្អប្រសើរ ក្រោយទទួលបានការបែងចែកដីធ្លីជូន អាជ្ញាធរខេត្ត និង រាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ៖ឡុង សំបូរ





































