ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពតំបន់សឹក និងនៅតាមបណ្តាអង្គភាពចំណុះទាំងអស់ ទាំងនៅសមរភូមិក្រោយ និងនៅសមរភូមិមុខ ដែលការចាក់វ៉ាក់សាំងនោះ បានចាប់បើកដំណើរការ កាលពីថ្ងៃទី១១សីហាឆ្នាំ២០២១។
មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ថា នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងគ្រប់កងឯកភាពចំណុះសឹករងខេត្តទាំងអស់ នឹងទទួលបានការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជាដូសជំរុញ ទៅតាមគោលការណ៍រាជរដ្ឋាភិបាលកម្ពុជា ,ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មានប្រសាសន៍ទៀតថា ការបើកដំណើរការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ដូសជំរុញ ជូនដល់កងទ័ពនាពេលនេះ នឹងធ្វើឡើងនៅច្រើនតាំងផ្សេងគ្នា គឺនៅតំបន់សឹករងខេត្ត នៅតាមបណ្តាស្រុក និងនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ហើយការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ដូសជំរុញ ជូនកងទ័ពដែលជាមន្ត្រីជួរមុខទាំងអស់ នៅក្នុងពេលនេះទៀត គឺជាការផ្តល់ជូនដ៏ពិសិដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេច បានពុះពារជំនះលើការលំបាកគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងយកមក និងបានដាក់ចេញនូវវិធានការ សម្រាប់ចាក់ជូនកងកម្លាំង គ្រូពេទ្យ និងមន្ត្រីរាជការ ដែលជាមន្ត្រីជួរមុខ ប្រឈមនឹងហានីភ័យខ្ពស់ ក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេស ជំងឺកូវីដ បំប្លែងថ្មី Delta។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងបានគិតគូ យកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកងកម្លាំង នៅទូទាំងប្រទេស ក្នុងនោះ ក៏មានកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង ផងដែរ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែង ក្រើនរំលឹកកងទ័ពទាំងអស់ ត្រូវចងចាំទុកជានិច្ច នូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វែងរកជំនួយ និងការបញ្ជាទិញវ៉ាក់សាំង ដើម្បីនាំយកមកចាក់ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ បំប្លែងថ្មី Delta ដែលកំពុងបន្តឆ្លងរាលដាលចូលក្នុងសហគមន៍ នាពេលនាបច្ចុប្បន្ននេះ។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ក៏បានបន្តដាស់តឿនដល់កងទ័ព នៃតំបន់ប្រតិបត្តិការសឹករងខេត្តទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច នូវការថែរក្សាសុខភាព ជាមួយនឹងការបន្តអនុវត្តវិធានការ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ ក្រសួងសុខាភិបាលកម្ពុជា ឲ្យបានជាប់ជាប្រចាំ៕ ដោយ៖ឡុង សំបូរ





































