ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ និងលោកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្រៅ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ។
អញ្ជើញចូលរួមបុណ្យសព នឹងគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ស្រី សូផាត នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដោយជំងឺប្រចាំកាយ(ចុកទ្រូង) ព្រមទាំងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) និងថវិកាផ្ទាល់ខ្លួន លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន១.០០០.០០០៛ (មួយលានរៀល) អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ០២កេស ទឹកត្រី ០២យួរ ទឹកសុីអុីវ ០២យួរ។ ដោយឡែកថវិកាក្នុងផែនការងារធនធានមនុស្សចំនួន ១,២៦៥,០០០៛(មួយលានម្ភៃប្រាំមួយមុឺនប្រាំពាន់រៀល) ផែនការងារនគរបាលយុត្តិធម៌ចំនួន ២៥០,០០០៛(ម្ភៃប្រាំមុឺនរៀល) ផែនការងារសណ្តាប់ធ្នាប់ចំនួន ២៥០,០០០៛(ម្ភៃប្រាំមុឺនរៀល) នឹងថវិកាមិត្តរួមការងារតាមការិយាល័យជំនាញចំនួន ២,០៩០,០០០៛ (ពីរលានប្រាំបួនមុឺនរៀល) ប្រគល់ជូនដល់លោកស្រី ជុន ស្រីពេជ្រ ត្រូវជាភរិយានៃសព ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕





































