សៀមរាប: ប្រភពពី CEN គូស្នេហ៍វ័យក្មេងមួយគូ បានស្គាល់គ្នាតាមទូរស័ព្ទអស់រយៈជិតមួយឆ្នាំ ក៏ណាត់គ្នា មកគេងនៅផ្ទះសំណាក់។ ដោយភ្លើងស្នេហ៍ដុតរោលអារម្មណ៍ ពួកគេទាំងពីរ មិនអាចទ្រាំបាន ក៏រួមរក្សគ្នា រហូតខាងស្រី ដាច់ខ្យល់ស្លាប់។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន ដែលរួមរក្សជាមួយសង្សារ រហូតដល់នាងស្លាប់។ ហេតុការណ៍ ដែលនៅក្នុងខេត្តសៀមរាប មិនធ្លាប់មាននេះ បានកើតឡើងនៅម៉ោង ៨ និង ៤០ នាទី យប់ នៅផ្ទះសំណាក់ “អង្គរមានរិទ្ធិ” ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប តែមានការភ្ញាក់ផ្អើលនៅម៉ោង ៩ និង ៤០ នាទី យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ពេលយុវជនជាសង្សារ ដឹកនាងទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ យុវជនដែលប៉ូលិសឃាត់ខ្លួន មានឈ្មោះ ម៉ាន់ គឹមហួង អាយុ ២១ ឆ្នាំ រស់នៅភូមិរការកោង ឃុំល្វេរ ស្រុកកោះសុទិន ខេត្តកំពង់ចាម មុនពេលមកជួបសង្សារជាជាងផ្សារដែក នៅក្រុងភ្នំពេញ។ ចំណែកនារីរងគ្រោះ (ស្លាប់) មានឈ្មោះ ឡូយ ឡាយអ៊ីម ហៅ (ហ៊ីម) អាយុ ២០ ឆ្នាំ នៅភូមិមណ្ទល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ នាងជាបុគ្គលិកបំរើការនៅហាងកូរ៉េ ម្តុំមុខមន្ទីរពេទ្យគន្ធបុប្ផា។
នៅចំពោះមុខប៉ូលិស យុវជនឈ្មោះ ម៉ាន់ គឹមហួង បាននិយាយថា រូបគេ និងនាង បានស្គាល់គ្នាតាមទូរស័ព្ទ អស់រយៈពេលជិតមួយឆ្នាំមកហើយ។ ពួកគេតែងសាកសងអូនបងតាមទូរស័ព្ទជាបន្តបន្ទាប់ ក្នុងពេលសាកសង យុវជន គឹមហួង តែងនិយាយពីការរស់នៅជាមួយគ្នា ចង់បង្កើតគ្រួសារថ្មីមួយ ដែលក្នុងនោះ មានតែពួកគេពីរនាក់។ ការដែលនិយាយអំពីចង់បង្កើតគ្រួសារថ្មី បានធ្វើឲ្យនាងចង់ជួបមុខយុវជន ដែលនាងគិតថាជាអនាគតប្តី។ គឹមហួង បន្តថា ការសាកសងដ៏ផ្អែមល្ហែម បូករួមជាមួយសេចក្តីនឹកមករកនាងផង នៅថ្ងៃទី១៥សីហា រូបគេបានសម្រេចជិះរថយន្តក្រុង មករកនាងដល់សៀមរាប។ ពេលមកដល់សៀមរាប ពួកគេបានណាត់គ្នា មកគេងនៅផ្ទះសំណាក់ “អង្គរមានរិទ្ធិ” ហើយនៅមុនម៉ោងកើតហេតុ រូបគេបានរួមរក្សជាមួយនាង តែមិនទាន់បានសម្រេចផង ស្រាប់តែមានឈាមហូរចេញពីប្រដាប់ភេទរបស់នាង គឺហូរឥតឈប់ឈរ។ ដោយឃើញស្ថានការបែបនោះ រូបគេសម្រេចដឹកនាងទៅមន្ទីរពេទ្យតាមម៉ូតូឌុប តែអកុសលមិនទាន់ដល់មន្ទីរពេទ្យផង នាងបានដាច់ខ្យល់ស្លាប់ ទើបបង្កការភ្ញាក់ផ្អើល ហើយប៉ូលិសបានឃាត់ខ្លួនរូបគេតែម្តង។ យុវជនរូបនេះបន្ថែមថា ការស្លាប់សង្សារបណ្តូលចិត្ត ដែលផ្តើមចេញពីការរួមភេទនេះ រូបគេមិនបានធ្វើអ្វី ដែលជាហឹង្សាទៅលើនាងទេ ហើយមុនពេលរួមរក្ស ក៏មិនមានប្រើថ្នាំអ្វីដែរ គឺរួមរក្សជាធម្មតាមួយទល់នឹងមួយ។
ទោះបីជាបែបនេះក្តី ប៉ូលិសបច្ចេកទេស បានអះអាងថា ជនរងគ្រោះ បានរហែកសន្ទះព្រហ្មចារីយ៍ រហូតដល់ស្បូន។ ចំណែកកោសល្យវិច័យពេទ្យ បានអះអាងថា ប្រដាប់ភេទជនរងគ្រោះ បានទទួលរងជាមួយវត្ថុរឹងយ៉ាងធ្ងន់ធ្ងរ។ ក្រោយគ្រូពេទ្យ និងសមត្ថកិច្ចជំនាញពិនិត្យហើយ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ។ នៅឯផ្ទះជនរងគ្រោះ ខណៈកំពុងរៀបចំធ្វើបុណ្យ ក្រុមសាច់ញាតិបាននិយាយថា ពេលនេះ ពួកគាត់កំពុងដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្ត ឲ្យស៊ើបអង្កេត ដើម្បីឈានទៅរកការទាមទារសំណង និងផ្តន្ទាទោស។
ពួកគាត់និយាយថា យោងតាមការអះអាងកោសលវិច័យពេទ្យ និងប៉ូលិសបច្ចេកទេស កូន និងក្មួយរបស់គាត់ មិនមែនស្លាប់ដោយការរួមភេទតាមធម្មតាឡើយ។ លោកវរសេនីយ៍ត្រី ណុល រ៉ុង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា ក្រុមសាច់ញាតិសព បានមកដាក់ពាក្យបណ្តឹងហើយ ហើយពេលនេះ ខាងលោកកំពុងបើកការស៊ើបអង្កេតជាបន្ត។ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាងមសាលាដំបូង ខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទថា ករណីគូស្នេហ៍រួមរក្ស រហូតដល់ស្លាប់នេះ មិនជាប់ពាក់ព័ន្ធដល់ម្ចាស់ផ្ទះទេ។ ប៉ុន្តែគាត់អាចជាប់ពាក់ព័ន្ធ ប្រសិនបើការស៊ើបអង្កេតរកឃើញថា មានការរួមគំនិតពីម្ចាស់ផ្ទះ។