យុវតីស្ថិតក្នុងវ័យ ១៧ឆ្នាំ ដ៏ស្រសស្អាតម្នាក់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងក្រោយជួបនិងវិបត្តិគ្រួសារតែមិនបានសម្រេច

រាជធានៅភ្នំពេញ៖ យុវតីស្ថិតក្នុងវ័យ ១៧ឆ្នាំ ដ៏ស្រសស្អាតម្នាក់ បានប៉ុនប៉ងលោកទម្លាក់ពីលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតពីលើលោកិយដ៏ធំល្វឹងល្វើយនេះ ក្រោយជួបវិបត្តិនៅក្នុងគ្រួសារ តែការប៉ុនប៉ងបញ្ចប់ជីវិតនាគ្រានោះ មិនបានសម្រេចនោះទេ ដោយសារមានអ្នកធ្វើដំណើរជួយទាន់ពេលវេលា។
ហេតុការណ៍នោះ បានកើតឡើងនាវេលាម៉ោងប្រមាណ ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១២សីហាឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញយុវតីវ័យ ១៧ឆ្នាំរូបនោះ ដើរលើស្ពានតែម្នាក់ឯង ក្នុងដៃមានស្ពាយកាបូបពណ៌ខ្មៅ សំដៅឡើងលើស្ពានជ្រោយចង្វា «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» បម្រុងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ឈប់ម៉ូតូងើយរត់ទៅចាប់ដៃ ទាញមកក្រោយទម្លាក់ចុះពីលើបង្កាន់ដៃស្ពានវិញ បានទាន់ពេលវេលា។
នៅក្នុងហេតុការណ៍នោះដែរ កម្លាំងនគរបាលខណ្ឌដូនពេញ បានចុះទៅដល់ទីដែលយុវតីនោះ ប៉ុនប៉ងបញ្ចប់ជីវិត និងបានសាកសួរនាង អំពីដំណើរដើមទងនានា ដែលផ្តើមឲ្យនាងមានចិត្តចង់ធ្វើអត្តឃាតខ្លួនឯង នាពេលនេះ។ រីឯ យុវតីវ័យ ១៧ឆ្នាំ បានឆ្លើយប្រាប់សមត្ថកិច្ចថា នាងរស់នៅក្នុងបន្ទប់ផ្ទះជួលមួយ នៅម្តុំផ្សារកណ្តាលតែម្នាក់ឯង ហើយក៏ព្រោះតែនាងមានវិបត្តិនៅក្នុងគ្រួសារដោះស្រាយមិនចេញ ទើបនាងសម្រេចចិត្តបែបនេះ៕