មន្ត្រីជំនាញរដ្ឋបាលជលផល ចុះបង្ក្រាបនិងរឹបអូសឧបករណ៍នេសាទខុសច្បាប់នៅតាមបឹង. ព្រែក មួយចំនួននៅក្នុងក្រុងក្រចេះ
ក្រចេះ៖លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានដឹកនាំមន្ត្រីផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយ អាវុធហត្ថក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រការកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប្រជាការពារ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងផ្តៅនិងព្រែកគង្វាល ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ប្រតិប្តិការនេះគឺសមត្ថកិច្ច បានចុះធ្វើការរុះរើដកហូត និងបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលមួយចំនួនរួមមាន(របាំងសាច់អួនក្រលាញឹក(សាច់ប៉ាក់)ចំនួន៣៩ខ្សែ ប្រវែង១៥៦០ម៉ែត្រ លូសាច់អួនក្រលាញឹក(សាច់ប៉ាក់)ចំនួន៤០ម៉ាត់លូ បង្គោលចម្រឹងឫស្សីឃ្លៃ៥៦០ដើមនិងបានចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណជា១៥គីឡូក្រាម ។ហើយចំពោះវត្ថុតាងទាំងអស់ដែលដកហូតនិងរឹបអូសបានគឺក្រុមការងារសម្រេចបំផ្លាញចោលនៅចំណុចទំនប់បឹងរំលាច។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលបានអោយដឹងថា រដូវនេះជារដូវបិទការនេសាទ ដូច្នេះការធ្វើការនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាស្បៃម៉ុង សាច់អ៊ួនក្រឡាញឹក ឬសាច់ប៉ាក់អីជាដើម គឺវាខុសនឹងច្បាប់ស្ដីពីជលផល ជនល្មើសដែលរកឃើញប្រើប្រាស់ឧបករណ៍ទាំងនេះ គឺត្រូវផ្ដន្ទាទោសតាមច្បាប់ក្រមបទល្មើសជលផលថ្នាក់ទី2 ត្រូវដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ៥០លានរៀល រីឯវត្ថុតាងត្រូវរឹបអូស ជាសម្បត្តិរដ្ឋឬបំផ្លាញចោល ។
លោក ម៉ុក ពន្លក ក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរដូវកាលបិទនេសាទនេះ មេត្តាកុំប្រើឧបករណ៍នេសាទដូចជាស្បៃមុង ក្រឡាញឹកឬឧបករណ៍ឆក់ត្រីអីជាដើម ករណីដែល មន្ត្រីជំនាញរដ្ឋបាលជ្រុលផលឬក៏សមត្ថកិច្ចពាក់ព័ន្ធចាប់បានគឺត្រូវតែធ្វើការផ្ដន្ទាទោសតាមច្បាប់ ។






































