ខេត្តស្ទឹងត្រែង៖ ស្ត្រីជនជាតិខ្មែរកាត់ឡាវម្នាក់ មានវ័យ៥៦ឆ្នាំ ដែលកំពុងរស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ គឺជាពលរដ្ឋទី ៨លាននាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គម្រប់ចំនួន ៨លានដូស ទទួលបានអំណោយដ៏ថ្លៃថ្លាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ។
ពិធីប្រគល់អំណោយនោះ បានធ្វើឡើងកាលពីថ្ងៃទី ១២សីហា ឆ្នាំ២០២១ នៅក្នុងស្រុកសៀមប៉ាង និងមានការអញ្ជើញចូលរួមពី អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត និងអាជ្ញាធរនៅក្នុងមូលដ្ឋាននោះ ផងដែរ។
អភិបាលស្រុកសៀមប៉ាង លោក ផាន់ យុត បានឲ្យដឹងថា ពលរដ្ឋដែលត្រូវទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស រួមជាមួយ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅក្នុងពេលនេះ គឺជាពលរដ្ឋទី ៨លាននាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្មើនឹង ៨លានដូស គឺ ឈ្មោះ ថឹង ថា ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ-ឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោកថា ស្ត្រីទី ៨លាននាក់នេះ បានចាក់វ៉ាក់សាំង កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ។ ហើយស្ត្រីទី ៨លាននាក់នេះ ត្រូវទទួលបានអំណោយ នូវថវិកា ១០លានរៀល រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ថែមទៀតផង។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះស្ត្រី ថឹង ថា និងសម្តេច ក៏ចង់ដឹងពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២ដូសរួចហើយទាំងនោះ ផងដែរ។
លោកស្រី ឱ វណ្ណឌីន បានថ្លែង ដោយចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលនេះ គឺជាឧបករណ៍ដ៏សំខាន់ និងមានតម្លៃសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ ដែលអាចជួយប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលក្នុងសហគមន៍ បូករួមជាមួយនឹងវិធានការរបស់ ក្រសួងសុខាភិបាល គឺការអនុវត្តវិធានការ ៣ការពារ និង៣កុំ។ រីឯការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺមានសារៈសំខាន់បំផុត ក្នុងការជួយដល់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការគំរាមកំហែងពីជំងឺឆ្លងកូវីដ-១៩ ដែលនៅលើសកលលោក បាននិងកំពុងមានការគំរាមកំហែង និងមានមនុស្សស្លាប់ដោយសារតែជំងឺនេះ ជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវរក្សាគម្លាតសង្គម ឲ្យបានត្រឹមត្រូវ ជៀសវាងមានការប្រមូលផ្តុំគ្នា ដែលជាហេតុនាំឲ្យមានហានិភ័យ ក្នុងការចម្លងមេរោគកូវីដ១៩ ពិសេស កូវីដបំប្លែងថ្មី Delta ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២សីហាម្សិលមិញ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣២នាក់ ស្រី ១៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងមានអ្នកជាសះស្បើយ ១១នាក់ ស្រី ០៥នាក់។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃដដែលនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៥៦១នាក់ ស្រី ២៥៤នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន០២នាក់ ជាសះស្បើយ ៤៧២នាក់ ស្រី ២១០នាក់ និងកំពុងសម្រាកព្យាបាល ៨៤នាក់ ស្រី ៤២នាក់ និងមានអ្នកស្លាប់ ០៥នាក់ ស្រី ០២នាក់ ៕ ដោយ៖ឡុង សំបូរ





































