រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចលេខ ០៩២/២១ សសរ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ត្រូវផ្អាកជាបណ្តោះអាសន្ន សកម្មភាពលក់ដូររបស់អាជីវករនៅមូលដ្ឋាន “ផ្សារសាមគ្គីស្ទឹងត្រែង” ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង និងទីតាំងប្រជុំជនលក់ដូរ ចំណុចទីតាំងគីឡូម៉ែត្រលេខ២ “ផ្សារគីឡូ២” ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលជាទីតាំងប្រជុំជន បានរកឃើញ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែលមានចំនួនច្រើននាក់ ចាប់ពីម៉ោង១១ និង៥៩នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ តទៅ រហូតដល់មានការសម្រេចជាថ្មី។
រដ្ឋបាលខេត្តបានប្រកាសទៀតថា នៅក្នុងសេចក្តីសម្រេចនេះ ក៏តម្រូវឲ្យមានការផ្អាកជាបណ្តោះអាសន្ន សកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ រមណីដ្ឋាន សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំមានមនុស្សច្រើន ខុសពីវិធានការសុវត្ថិភាពសុខាភិបាល ក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ចាប់ពីម៉ោង ១១ និង៥៩នាទីយប់ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ តទៅ រហូតដល់មានការសម្រេចជាថ្មី ៕





































