(ខេត្តកំពត)៖ អភិបាលក្រុងបូកគោ/ ការងារអទិភាពដំបូងគេដែលរដ្ឋបាលក្រុងបូកគោត្រូវអនុវត្តនោះ គឺវិធានការ បង្ការ ទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងបូកគោ ដែលទើបតែទទួលតំណែង បានលើកឡើងថា៖ ការងារអទិភាពដំបូងគេដែលជំរុញឱ្យរដ្ឋបាលក្រុងបូកគោត្រូវអនុវត្តនោះ គឺការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការរួមចំណែក ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងគោលបំណងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍និមួយៗ នៃដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកស្រីអភិបាលក្រុង បានសង្កត់ធ្ងន់ថា អ្វីដែលជាអទិភាពចម្បងដែលត្រូវជំរុញដូចភ្លៀងរលឹមនោះ គឺការអប់រំវិធានការ បង្ការ ទប់ស្កាត់កុំឱ្យមានការចម្លងពីសហគមន៍មួយទៅសហគមន៍មួយ។ ជាងនេះទៅទៀតយើងត្រូវធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវអនុវត្តវិធានការសុខាភិបាល គឺ៣កុំ និង៣ការពារ។
ជាចុងក្រោយ លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ សូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទឹកដីក្រុងបូកគោទាំងមូល សូមទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារ និងជៀសវាងការឆ្លងរាលដាលមេរោគដ៏កាចសាហាវនេះ នៅក្នុងសហគមន៍ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ដើម្បីុសុខមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
សូមជម្រាបផងដែរថា ក្រុងបូកគោ នៃខេត្តកំពត ដែលជាក្រុងទើបតែបង្កើតថ្មី ត្រូវបានធ្វើពិធីប្រកាស បង្កើត និងដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមមាត្រា៧០នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត៕ សេង ណារិទ្ធ





































