កំំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកសាមគ្គីមានជ័យ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ។
ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថា ឈ្មោះ សេត សៃណាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មកររោងចក្រ រស់នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន ០៤កញ្ចប់(ទម្ងន់១៣,១៨ក្រាម) ទូរស័ព្ទ ០១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង សម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី៕





































