ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៥សីហាឆ្នាំ២០២១ គ្រាដែលលោកអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត និងនាយករដ្ឋបាលខេត្ត បានអញ្ជើញចែកអំណោយ ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន ជាមេបញ្ជាការ។
អំណោយដែល លោកអភិបាលខេត្តព្រះវិហារ បានផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាគ្រានោះ រួមមាន៖ មីខ្លាឃ្មុំ ២០កេស ,មីម៉ាម៉ា ២កេសធំ ,ត្រីខកំប៉ុង ២កេសធំ ,ទឹកបរិសុទ្ធ ២០កេស ,ទឹកក្រូកូកាកូឡា ១០កេស ,ស្ទីង ២០កេស ,ទឹកបរិសុទ្ធយួរ ៤០យួរ ,ម៉ាស់ ១០០ប្រអប់ ,អាល់កុល ២កាន់ ស្មើ ៦០លីត្រ និងប៉ៅអ៊ីចំនួន ៣០ ថែមទៀតផង។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតែបានដាស់តឿនដល់អាជ្ញាធរខេត្ត ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស អាជ្ញាធរខេត្តព្រះវិហារ ដែលជាខេត្តមានព្រំដែនរួមគ្នាជាមួយប្រទេសថៃ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ជំងឺកូវីដ បំប្លែងថ្មី Delta កុំឲ្យបន្តឆ្លងចូលក្នុងសហគមន៍ នៃខេត្តព្រះវិហារ ជាបន្តទៀត។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ទៀតថា អំណោយទាំងនេះ ថ្វីបើមិនមានចំនួនច្រើន ប៉ុន្តែ នេះជាការចែករំលែក និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជូនដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងការរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេស កូវីដបំប្លែងថ្មី Delta ទៅតាមការណែនាំនានា របស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល នូវការអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ ឲ្យបានជាប់ជាប្រចាំ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែង ក្រើនរំលឹកដល់កងទ័ពទាំងអស់ ពិសេស អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន ជាមេបញ្ជាការ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបង្កើនការទំនាក់ទំនងល្អ ជាមួយសមភាគីថៃ ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកកម្ពុជាវិញ និងត្រូវតាមដានសុខភាពរបស់ពួកគេ (ពលករ) ឲ្យបានម៉ត់ចត់ ហើយត្រូវធ្វើការបញ្ជូនពួកគាត់ មកកាន់ខេត្តព្រះវិហារ ឲ្យបានឆាប់បំផុត គ្រាដែលពលករទាំងនោះ មិនទាន់បានពិនិត្យសុខភាព និងការធ្វើតេស្តរកមេរោគកូវីដ-១៩ ឬ Delta ដើម្បីងាយស្រួលដល់ក្រុមគ្រូពេទ្យ នៃរដ្ឋបាលខេត្តព្រះវិហារ ធ្វើតេស្តរកមេរោគកូវីដ និងការរៀបចំការស្នាក់នៅ ឬការដាក់ឲ្យនៅក្នុងមណ្ឌលព្យាបាល ឬមណ្ឌលចត្តាឡីស័ក ឲ្យបានសមរម្យ ទៅតាមគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោយការដាក់ចេញវិធានការរដ្ឋបាល បិទខ្ទប់ភូមិសាស្ត្រខេត្ត ដែលនៅជាប់ព្រំដែនថៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នោះមក ច្រកអានសេះ ដែលស្ថិតនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ក៏នៅតែបន្តបិទខ្ទប់នៅឡើយ។ រីឯ ពលករខ្មែរ ដែលតែងឆ្លងកាត់ព្រំដែនបាន គឺការលួចចេញចូលតាមច្រករបៀងតូចៗ នៅក្នុងភូមិសាស្ត្រព្រំដែន នៃខេត្តព្រះវិហារ។ បញ្ហានេះ អាជ្ញាធរខេត្ត តែងបានដាស់តឿនដល់មន្ត្រីព្រំដែនទាំងអស់ ត្រូវបន្តរឹតបន្តឹងឲ្យបានម៉ឹងម៉ាត់បំផុត៕ ដោយ៖ឡុង សំបូរ





































