សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ករណីប៉ុនប៉ងសម្លាប់មនុស្ស និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកនៅម៉ោងជាង១រសៀល ថ្ងៃ១៥សីហា ឆ្នាំ ២០២១ នេះដើប្មីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ករណីប៉ុនប៉ងសម្លាប់មនុស្ស និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ ខ្លួនឈ្មោះផាន់ ផេង អាយុប្រហែល៤០ឆ្នាំ រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ និង ប៉ុនប៉ងធ្វើមនុស្សឃាតលើ លោក ញ៉ាញ់ វី ជាអ្នកព័ត៌មាន រស់នៅភូមិឃុំជាមួយគ្នា។

សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ជនសង្ស័យបានចូលដល់បរិវេណផ្ទះ លោក ញាញ់ វី ដៃកាន់ដែកឆាបចុងស្រួច និង ដាវស៊ាំមុរ៉ៃ កាំភ្លើងច្នៃ បម្រុងវាយសម្លាប់ លោក ញាញ់ វី ខណៈ កំពុងដេកលង់លក់ ក្នុងផ្ទះរបស់ខ្លួន តែសំណាង បានបងប្អូនជួយឃាត់ទាន់ រួចក៏បានរាយការណ៍ទៅ មេភូមិនិងប្រជាការពារ ហើយព្រឹកថ្ងៃ១៤ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលឃុំ។ ក្រោយទទួលបណ្តឹង ខណៈសមត្ថកិច្ចមិនទាន់ចាត់ការ ស្រាប់តែព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ផាន់ ផេង និងបក្ខពួក ប្រដាប់ដោយ ដាវស៊ាំមុរៃ កាំភ្លើងកែច្នៃ ដែក និងដែកឆាបចុងស្រួច បានទៅជេរ និង ប៉ុនប៉ងសម្លាប់ឈ្មោះ ញាញ់ វី ម្តងទៀត ទើបត្រូវបានប្រជា ពលរដ្ឋជិតខាងអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចុះមកដេញចាប់ឃាត់ខ្លួន រួមជាមួយវត្ថុតាង នាំយកទៅប៉ុស្តិ៍ទាំងយប់ លុះម៉ោងប្រមាណជាង១ រសៀល ថ្ងៃ១៥សីហា នេះទើបបញ្ជូនខ្លួនទៅអធិការ ដ្ឋានតែម្តង។

លោក ញាញ់ វី ជាជនរងគ្រោះបញ្ជាក់ថា លោកនិងជនបង្ក ធ្លាប់មានទំនាស់រឿង ដាក់ទ្រូនេសាទត្រី និង ទំនាស់ផ្លូវចេញចូលដី ទើបគាត់ចង់គុំនំ រករឿងរហូតមក ហើយម្យ៉ាងជនបង្កតែងតែផឹកស្រាស្រវឹង ប្រើហិង្សាក្នុងគ្រួសារផងដែរ៕