ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ស្តេចយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព !

រាជធានីភ្នំពេញ៖ នៅក្នុងព្រះរាជដំណើរ យាងចាកចេញពីមាតុប្រទេសរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំង សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ ,សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាពជាតិ និងថ្នាក់ដឹកនាំជាតិកំពូលៗ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដើម្បីយាងទៅទីក្រុងប៉េកាំង ប្រទេសចិន នាគ្រានោះ ផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅក្នុងការថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលបានយាងចាកចេញពីមាតុប្រទេស ទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នាពេលនេះ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយព្រះសព្វសាធុការពរ សូមឲ្យព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស៕