(ខេត្តកំពត)៖ ដើម្បីទទួលបានជ័យជម្នះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខនេះ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដាក់ចេញនូវការងារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនិង សមាជិក សមាជិកា នៅតាមក្រុង ស្រុក អនុវត្តឲ្យបានល្អតាមគោលការណ៍របស់គណបក្សបានដាក់ចេញ។
ថ្លែនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តមជឹង ផល្លា ប្រធានគណៈប្រចាំការគណៈបក្សប្រជាជនខេត្ត នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ ដោយគតិបណ្ឌិត របស់សម្ដេចតេជោហ៊ុន សែន ជាប្រធានបានអភិវឌ្ឍន៍ប្រទេសជាតិ និងជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគ្រួសារប្រជាពលរដ្ឋមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ដោយឡែកសម្រាប់ខេត្តកំពត កន្លងមកការចូលរួមអនុវត្តកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស គ្រប់លំដាប់ថ្នាក់ ក៏តែងតែទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលការណ៍ណែនាំរបស់គណបក្សថ្នាក់កណ្ដាល។ ប៉ុន្តែដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងទទួលបានជ័យជំនះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សតាមបណ្តាក្រុង ស្រុកត្រូវតែយប់ចិត្តទុកដាក់អនុវត្តការងារសំខាន់ៗរួមមាន ៖ ការស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពមន្ត្រីបក្សឲ្យបានច្បាស់លាស់ ការត្រៀមលក្ខណៈបំពេញផែនការចំណូលចំណាយ ដោយតាមក្រុង ស្រុកនិមួយៗត្រូវមានថវិកាបម្រុងឲ្យបានគ្រប់គ្រាន់យ៉ាងតិចមួយរយលានរៀល ចំណែកមន្ទីរគណបក្សថ្នាក់ខេត្តក៏ត្រូវមានយ៉ាងតិច១លានដុល្លារ ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ។
ជាមួយនឹងផែនការសកម្មភាពនេះដែរក៏ត្រូវរៀបចំតំឡើងស្លាកគណបក្សថ្មីឲ្យបានស្អាត ដាក់នៅតាមទីតាំងប្រជុំជន ពិសេសផ្លូវជាតិ និងផ្លូវបេតុង និងផ្លូវកៅស៊ូជាដើម។ ត្រូវរៀបចំបញ្ជូលសមាជិកបក្សថ្មីទៅតាមនិតិវិធីផ្អែកលើគោលការណ៍គណបក្ស ឲ្យស្របនឹងការណែនាំដែលគណបក្សដាក់ចុះ។ការរៀបចំពិនិត្យ និងកែសម្រួលបញ្ជីឈ្មោះបេក្ខជនដែលត្រូវដាក់ឲ្យឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់ ឲ្យបានល្អ (បេក្ខជនមានសមត្ថភាព សុខភាព លទ្ធភាព ប្រជាប្រិយភាព)និងត្រៀមឯកសារសម្រាប់ការបោះឆ្នោត ព្រមទាំងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានហើយនិងឆាប់រហ័ស និង ត្រូវរៀបចំស្នាក់ការគណបក្សនៅតាមមូលដ្ឋានឃុំ សង្គាត់ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២១នេះ (គ្រប់ឃុំសង្កាត់ចាំបាច់ត្រូវតែមានទីស្នាក់ការ)។
យ៉ាងណាក៏ដោយ ឯកឧត្តមប្រធានគណបក្សនៅតែក្រើនរំឭក ស្នើដល់មន្ត្រីថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ត្រូវបន្តរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ សហការចូលរួមអនុវត្តកិច្ចការដែលគណបក្សដាក់ជូន ដោយភាពទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ នោះទើបគណបក្សយើងទួលបានជ័យជម្នះ៕ សេង ណារិទ្ធ





































