អាជ្ញាធរខេត្តស្ទឹងត្រែង អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្រោយមន្ទីរសុខាភិបាលខេត្ត បានប្រកាសរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី Delta ចំនួន ៧នាក់ និងអាចមានច្រើនអ្នកទៀត ដែលជាប់ពាក់ព័ន្ធ !

ខេត្តស្ទឹងត្រែង៖ គណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-៩ ខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី Delta ចំនួន ៧នាក់ ហើយអាចនឹងមានច្រើននាក់ទៀត ដែលជាប់ពាក់ព័ន្ធ ផងដែរ។
រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧សីហាឆ្នាំ២០២១នេះ បានប្រាកាសថា ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បានទទួលលទ្ធផលវិភាគសំណាកអ្នកជំងឺ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១សីហា ដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី Delta ចំនួន ៧នាក់ និងមានករណីសង្ស័យប្រភេទ Delta នេះ ចំពោះអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតមកដល់ពេលនេះ ក្នុងខេត្តស្ទឹងត្រែង មានអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកមេរោគ ប្រភេទថ្មី ( Delta ) ដល់ទៅចំនួន ៩នាក់ នោះហើយ។
គណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ នឹងអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ក្នុងពេលកន្លងមកនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមការណែនាំ ដោយបន្តអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឲ្យបានជាប្រចាំ តាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញ ដោយក្រសួងសុខាភិបាល ឲ្យខេត្តស្ទឹងត្រែង ជាខេត្តដែលមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
គណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-៩ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ចំពោះអ្នកដែលមិនអនុវត្តកាតព្វកិច្ចនេះ នឹងត្រូវទទួលការពិន័យ។ ដោយឡែក នៅថ្ងៃទី១៦សីហា រហូតមកដល់ម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៧សីហាឆ្នាំ២០២១ នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការប្រមូលសំណាកតេស្ត សរុប ១៥៩នាក់ ក្នុងនោះ រកឃើញអ្នកឆ្លងថ្មី ចំនួន ៣៤នាក់ ស្រី ២០នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃដដែលនោះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លង សរុប ៧០៨នាក់ ស្រី ៣៣៩នាក់ ក្នុងនោះ ប្រភេទ Delta ចំនួន ០២នាក់ អ្នកជាសះស្បើយ ៤៨៥នាក់ ស្រី ២១៧នាក់ កំពុងសម្រាកព្យាបាល ២១៧នាក់ ស្រី ១២០នាក់ និងស្លាប់ ០៦នាក់ ស្រី ០២នាក់។
គួរបញ្ជាក់ថា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន កាលពីថ្ងៃទី១៦សីហា ម្សិលមិញ បានអញ្ជើញដឹកនាំពីធីដង្ហែក្បួនរថយន្តជាង ២០០គ្រឿង ដើម្បីធ្វើយុទ្ធនាការ ឃោសនា អប់រំផ្សព្វផ្សាយ ការដាស់តឿន និងការក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងដែនដីរដ្ឋបាលខេត្ត បន្តចូលរួមឲ្យបានសកម្មឡើងវិញ នៅក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កុំឲ្យបន្តឆ្លងចូលក្នុងសហគមន៍ខេត្តស្ទឹងត្រែង។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានបញ្ជាក់ថា «ការរៀបចំយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩» ដោយដង្ហែរជាក្បូនរថយន្តនេះ បានអនុវត្តតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងវិធានការរបស់ ក្រសួងសុខាភិបាល ក្នុងគោលបំណង ដើម្បីផ្ញើសារជូនសាធារណជនឲ្យបានជ្រាប ឲ្យបានយល់ដឹងបន្ថែមទៀត ទាក់ទងនឹងវិធានការនានា របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ,ចង់បង្ហាញពីការរួមគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឈ្នះកូវីដ-១៩ បាន លុះត្រាតែយើងមានការចូលរួមទាំងអស់គ្នា។ លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ពិធីនៅក្នុងថ្ងៃនេះ ក៏បានបញ្ជាក់ពីការរួមគ្នា ដោយមានរថយន្ត ចំនួន ២៥០គ្រឿង បានចូលរួមដង្ហែរក្បួន ,ការគោះជួង ឬគោះស្គរ និងការពញ្ញាក់ស្មារតី ឲ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ ដើម្បីមានវិធានការការពារជំងឺកូវីដ-១៩៕ ដោយ៖ ឡុង សំបូរ