បន្ទាយមានជ័យអភិបាល អភិបារងស្រុក៣ ស្រុកម៉ាឡៃ អូរជ្រៅនិងភ្នំស្រុករបស់ខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែងនារសៀលថ្ងៃទី១៦ ដល់ល្ងាចថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១។
ក៍មានការអញ្ជើញចូលរួមពី ឯកឧត្ដម គោស៊ុ សារឿត អ្នកតំណាងរាស្ត្រនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម នាយឧត្តមសេនីយ៍សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យគឺលោក ស្វាយ ជា ពីអភិបាលស្តីទីឡើងជាអភិបាលស្រុកម៉ាឡៃ និងលោក សុខ ពេញណន ជាអភិបាលរង ។លោកយឹម សំណាង ពីអភិបាលស្រុកភ្នំស្រុក ផ្ទេរទៅជាអភិបាលស្រុកអូរជ្រៅ ជំនួសលោកលី សុវណ្ណារឹទ្ធិ ដែលឡើងជាអភិបាលរងខេត្ត ។ និងលោកជូ បុត្រ ពីអភិបាលរងឡើងជាអភិបាលស្រុកភ្នំស្រុកនិងលោកសារាយ ពេត អតីតអភិបាលរងស្រុកស្វាយចេក -មន្ត្រីសាលាខេត្ត ទៅជាអភិបាលរងស្រុក ។
លោក អភិបាលស្រុកទាំង៣ ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖ -ប្តេជ្ញា អនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អមិនបង្ករភាពអសកម្មផ្សេងៗ_ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាព ទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី អភិបាលរងនៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្តាអាជ្ញាធរឃុំទាំងអស់ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមគោល ការណ៍របស់រាជរដ្ឋាភិបាល។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីបម្រើជាតិ និងប្រជាជន ។ ពិសេសក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ឯកឧត្ដម អភិបាលខេត្តបានបន្ថែមថា ៖ តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ការទទួលខុសត្រូវក្នុងនាមជាអភិបាល អភិបាលរង។
ដូច្នេះហើយត្រូវយកតួនាទីនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
ឯកឧត្ដម អ៊ុ រាត្រី ក៏បានណែនាំដល់មន្ត្រីរាជការរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តផែនការដែលថ្នាក់ដឹនាំបានដាក់ចុះនិងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី៕ដោយ៖ឃិន គន្ធា





































