ថ្នាក់ដឹកនាំខេត្តនាំយកអំណោយជូនក្រុមគ្រួសារជនរងគ្រោះ ដែលបណ្ដាលឱ្យកុមារ ២នាក់ ស្លាប់ក្នុងភ្លើងក្នុងផ្ទះ

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៧ ខែ ០៨ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្ត លោក ប្រាក់ សុភ័ណ្ឌ ប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្ត និងមន្ត្រីជាច្រើនរូបទៀត បាននាំយកអំណោយជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបណ្ដាលអោយភ្លើងឆេះផ្ទះរហូតដល់បាត់បង់ជីវិតកូន ០២នាក់ ក្នុងភ្លក់ភ្លើង នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដែលករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩ និង១៦នាទី ដោយមានភ្លើងឆេះផ្ទះថ្ម ១កន្លែង ទំហំ ៥ម៉ែត្រ × ១២ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ អ៊ូច នឿន ភេទ ប្រុស អាយុ ៧២ ឆ្នាំ ដោយជីតាគាត់ទៅផ្សារ ចាក់សោរចៅនៅក្នុងផ្ទះ ឱ្យលេងទូរស័ព្ទនៅក្នុងផ្ទះ ហើយឪពុកម្ដាយកុមារទាំងពីរ ទៅធ្វើការទុកកូននៅជាមួយជីតាដើម្បីទៅធ្វើការោងចក្រ។

ករណីភ្លើងឆេះផ្ទះនេះបណ្ដាលឱ្យកុមារ ២នាក់ ស្លាប់ក្នុងភ្លើងក្នុងផ្ទះយ៉ាងអណោចអធម្មបំផុតគឺបណ្ដាល មកពីទុសេចរន្តអគ្គីសនីក្នុងផ្ទះ។

កុមារទាំងពីរដែលបានស្លាប់ក្នុងករណីភ្លើងឆេះផ្ទះ÷
• ឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ ១០ ឆ្នាំត្រូវជាកូនបង
• ឈ្មោះ នឿន ចន្ថា ភេទស្រី អាយុ ៧ ឆ្នាំត្រូវ ជាកូនប្អូន

បច្ចុប្បន្នសពកុមារទាំងពីរ បានរៀបចំធ្វើបុណ្បតាមប្រពៃណី នៅផ្ទះលោកតា អ៊ូច នឿន នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕