(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បាននាំយកអំណោយបន្ទាន់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារ លោក សេង សុធន ប្រធានក្រុមការងារយុវជនគណបក្ស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីជួយសម្រាលនូវទុក្ខលំបាក ខណៈកូនស្រីវ័យជំទង់របស់លោក សេង សុធន កំពុងមានជំងឺភ្លេចភ្លាំងស្មារតីដ៏ធ្ងន់ធ្ងរ។
ចំពោះអំណោយដែលផ្តល់ជូនដល់គ្រួសារខាងលើរួមមាន៖ អង្ករ ៥បាវ ស្មើនឹង ២៥០គ.ក មីម៉ាម៉ា ៥កេះ ទឹកត្រី ៥យួរ ត្រីខ ១០យួរ ទឹកសុទ្ធ(វីតាល់)៥កេះ និងថវិកាចំនួន១លាន រៀល ហើយអំណោយទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ហេង សួរ ប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល។
ជាមួយគ្នានេះដែរ ក៏មានក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត និងគ្រូពេទ្យស្ម័គ្រចិត្តយុវជនគណបក្សខេត្តកំពត ដែលមាន លោក ឡុង ផល្លែន ជាប្រធានក្រុម២ បានចុះមកសម្ភាសន៍ ពិនិត្យ និងផ្តល់ថ្នាំសម្រាប់ជំនួយខួរក្បាល ដល់កូនស្រី លោក សេង សុធន ដែលកំពុងរងនូវជំងឺភ្លេចភ្លាំងស្មារតីផងដែរ។
ទោះជាបែបណា ក្រោយពិនិត្យ និងផ្តល់ដំបូន្មាន តាមវិជ្ជបញ្ជាហើយនោះ ប៉ុន្តែបើនៅតែមានអាការៈមិនធូរស្បើយនោះទេ ឯកឧត្តម នឹងបញ្ជូនក្មេងស្រីនេះ ទៅព្យាបាលនៅមន្ទីរពេទ្យ”ធីតា”ដែលដឹកនាំដោយ លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ស្ថិតនៅ ឯរាជធានីភ្នំពេញ បន្តទៀត។
នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាប្រធានយុវជនថ្នាក់កណ្តាល ដែលជាកុលបុត្រដ៏ឆ្នើម របស់សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរដល់កូនចៅថ្នាក់ក្រោម ពិសេសតែងតែគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ សេង ណារិទ្ធ





































