ឧត្តរមានជ័យៈ រដ្ឋបាលព្រៃឈើដឹកនាំដោយលោក ឃុន សុភា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចុះធ្វើទប់ស្កាត់ និងហាមឃាត់
ប្រជាពលរដ្ឋដែលចូលទៅកាប់ព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃ នៅចំណុចព្រៃស្អាក់ ក្នុងអន្លង់វែង។
![20140817103424[18-47-13]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/2014081710342418-47-13.jpg?resize=696%2C392&ssl=1)
ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ កំលាំងចំរុះ បានធ្វើការរឹបអូសគោយន្តកន្រ្តៃដឹកឈើក្រាក់ចំនួន៣គ្រឿង និងរណាយន្តអារឈើក្រាក់បានចំនួន៣គ្រឿង និងបាននាំយករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។
![20140817103424[18-47-48]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/2014081710342418-47-48.jpg?resize=696%2C392&ssl=1)
![20140817103424[18-48-22]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/2014081710342418-48-22.jpg?resize=696%2C392&ssl=1)
បើតាមការរៀបរាប់របស់មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៧ សីហា ថា គោយន្តកន្រ្តៃដឹកឈើក្រាក់ ខាងរដ្ឋបាលព្រៃឈើ នឹងធ្វើការដោះលែងទៅវិញ ក៏ប៉ុន្តែឱ្យសាមីខ្លួន ធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរភូមិ និងឃុំ រីឯគោយន្តដឹកឈើលេខ២ នឹងរណាយន្ត លោកនឹងបញ្ជូនទៅថ្នាក់លើ អនុវត្តទៅតាមច្បាប់។
![20140817103424[18-48-04]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/2014081710342418-48-04.jpg?resize=696%2C392&ssl=1)
![20140817103424[18-48-50]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/2014081710342418-48-50.jpg?resize=696%2C392&ssl=1)
តាមការរៀបរាប់ពីប្រជាពលរដ្ឋម្ចាស់គោយន្តកន្រ្តៃបានលើកឡើងថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ដែលមានផ្ទះនៅក្បែរតំបន់ព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ពួកគាត់គ្រាន់តែដើររើសឈើក្រាក់ដែលដួលនៅក្នុងព្រៃសហគមន៍ដើម្បីយកមកធ្វើបង្គោលរបងផ្ទះប៉ុណ្ណោះ។
ដោយពួកគាត់បញ្ជាក់ថា ជាប្រជាពលរដ្ឋរស់នៅតាមទីជនបទឆោតល្ងង់ងាយរងគ្រោះ ហើយពួកគាត់គ្រាន់តែដឹកឈើក្រាក់ មិនមែនដូចជាឈ្មួញធំៗនោះទេ ដែលគេលទ្ធិភាពដាក់ម៉ាស៊ីនកុងទីន័រអារឈើ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងរហូតដល់ព្រៃឈើនៅចំណុចព្រៃស្អាក់ ស្ទើរអស់គ្មានសល់ឡើយ។
បច្ចុប្បន្ន រថយន្តច្នៃដឹកឈើ និងគោយន្តកន្រ្តៃដឹកឈើលេខ២ ចេញពីតំបន់បរិស្ថានអភិរក្សគូលែន-ព្រហ្មទេព ជាប់ព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដោយមានការបើកភ្លើងខៀវពីសំណាក់មន្រ្តីប្រចាំការនៅតំបន់នោះ ហើយសកម្មភាពដឹកតាមរថយន្តច្នៃ និងគោយន្តច្នៃ យកទៅដាក់ដេរប៉ូនៅក្នុងខេត្តសៀមរាប ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័នដូចជា ទីស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការអង្គភាពបង្ក្រាបបទល្មើសព្រៃឈើជាច្រើនកន្លែងផ្សេងៗទៀត ដែលឈរជើងនៅតាមបណ្តោយដងផ្លូវជាតិលេខ ៦៧B សៀមរាប-ឧត្តរមានជ័យ៕ ប៉ែន នួន



































