ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឧបត្ថម្ភទឹកបរិសុទ្ធ និងសាប៊ូ ដល់រដ្ឋបាលខេត្តពីរជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ !

រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តពីរ ដែលស្ថិតនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ គឺខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយជា ទឹកបរិសុទ្ធ សាប៊ូលាងដៃ និងសាប៊ូដុសខ្លួន ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ ដើម្បីបន្តនាំយកទៅផ្តល់ជូន ដល់ពលករខ្មែររាប់ពាន់នាក់ ដែលត្រឡប់មកពីប្រទេសថៃ វិលចូលកម្ពុជាវិញ និងកំពុងបន្តធ្វើចត្តាឡីស័ក ដើម្បីរក្សាសុខភាព និងការអនាម័យ។
អំណោយដែលត្រូវផ្តល់ជូន រដ្ឋបាលខេត្តទាំងពីរ ជាប់ព្រំដែនថៃនោះ ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឧបត្ថម្ភទឹកសុទ្ធវីតាល់ ២៥០០កេស ព្រមទាំងសាប៊ូលាងដៃ និងសាប៊ូដុសខ្លួន ២៥០០កញ្ចប់ សម្រាប់ពលករធ្វើចត្តាឡីស័ក ចំនួន ៥០០០នាក់ នៅខេត្តបន្ទាយមានជ័យ និងទឹកសុទ្ធវីតាល់ ១១០០កេស សាប៊ូលាងដៃ និងសាប៊ូដុសខ្លួន ២២០០កញ្ចប់ សម្រាប់ពលករធ្វើចត្តាឡីស័ក ចំនួន ២២០០នាក់ នៅខេត្តឧត្តរមានជ័យ។ ជំនួយឧបត្ថម្ភទាំងនេះ សម្រាប់ជួយពលករខ្មែរ ក្នុងការអនុវត្តវិធានការអនាម័យ និងជាសកម្មភាព រួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តទាំងពីរ បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងសន្យាយកអំណោយទាំងនោះ ទៅបរិច្ចាគឲ្យចំគោលដៅ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
គួររំលឹកដែរថា នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលដាលក្នុងប្រទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជានិច្ចកាលតែងតែឧបត្ថម្ភថវិកា និងសម្ភារៈ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ដែលបានផ្ដល់ម៉ាស់រាប់ម៉ឺនបន្ទះកន្លងមក ជូនខេត្តកំពង់ចាម ស្វាយរៀង បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ថែមទៀតផង៕