ព័ត៌មានអន្តរជាតិ៖ សារព័ត៌មាន IB Times បានចេញផ្សាយថា សហរដ្ឋអាមេរិក បានចំណាយប្រាក់ប្រមាណ ៣០០លានដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងការធ្វើសង្គ្រាម នៅក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានដួលរលំក្រោយចាញ់សង្គ្រាមក្រុមតាលីបង់ ក៏នៅតែមិនទាន់បានដោះបំណុលសង្គ្រាមនោះ នៅឡើយទេ។
សារព័ត៌មាន IB Times បានបន្តទៀតថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ហើយវាបានធ្វើឲ្យរដ្ឋាភិបាលអាមេរិក ខាតបង់ទឹកប្រាក់ជាង ២ ទ្រីលានដុល្លារ ដែលចំនួននេះស្មើនឹងជិត ៣០០ លានដុល្លារ នៅក្នុងមួយថ្ងៃ នៅរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ និងដោយផ្អែកលើប្រជាជននៅក្នុងប្រទេស ដែលមានចំនួនប្រហែល ៤០ លាននាក់នេះ ការចំណាយសរុប គឺស្មើនឹងប្រហែល ៥០,០០០«៥ម៉ឺន» ដុល្លារ សម្រាប់មនុស្សម្នាក់ៗ។
ការចំណាយដ៏ច្រើនលើសលុប លើសមរភូមិសង្គ្រាមប្រយុទ្ធដ៏ឃោរឃៅ នៅអាហ្វហ្គានីស្ថាននោះ បានធ្វើឲ្យអាមេរិកខាតបង់ច្រើនជាងទ្រព្យសម្បត្តិសុទ្ធរបស់លោក Jeff Bezos, Elon Musk, Bill Gates និងមហាសេដ្ឋីមានបំផុតទាំង ៣០ នៅអាមេរិកទៅទៀត។ ទឹកប្រាក់នេះគឺបូករួម ៨០០ ពាន់លានដុល្លារ ក្នុងការចំណាយលើសង្គ្រាមដោយផ្ទាល់ និង ៨០ពាន់លានដុល្លារ លើការបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes។
អ្នកបង់ពន្ធអាមេរិក បានចំណាយប្រាក់ដើម្បីផ្តល់មូលនិធិប្រចាំឆ្នាំចំនួន ៧៥០ លានដុល្លារដើម្បីជួយដល់ប្រាក់ខែរបស់ទាហានអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានចំណាយប្រាក់ចំនួន ៣០០ ពាន់លានដុល្លារផងដែរ ក្នុងការថែទាំសុខភាពសម្រាប់ជនរងគ្រោះចំនួន ២០,០០០ នាក់ពីសង្គ្រាមនៅអាហ្វហ្គានីស្ថាន។
ថ្វីបើសហរដ្ឋអាមេរិកបានសន្យាថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ ប៉ុន្តែមូលនិធិដែលបានប្រើប្រាស់នេះ ភាគច្រើនគឺជាប្រាក់កម្ចី។ នេះមានន័យថា អាមេរិកនឹងបន្តបង់ភាគលាភបន្ទាប់ពីការដកទ័ពរបស់លោកប្រធានាធិបតី ចូ បៃដិន ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ បញ្ចប់រួចរាល់។
ថ្លៃចំណាយសង្គ្រាមផ្ទាល់ គឺរួមមានប្រតិបត្តិការយោធាប្រឆាំងនឹងពួកតាលីបង់។ ក្រុមសកម្មប្រយុទ្ធនេះ ក៏មានទ្រព្យសម្បតិ្តដើម្បីផ្តល់មូលនិធិដល់ចលនារបស់ខ្លួននៅក្នុងប្រទេសផងដែរ។ ក្រុមនេះត្រូវបានគេរាយការណ៍ថា រកបាន ១.៦ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលប្រភពចម្បងនៃចំណូលនោះ គឺជាការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស។
ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេរាយការណ៍ថា បានរួមចំណែកដល់ ៨៤ភាគរយ នៃការផលិតអាភៀនទូទាំងពិភពលោកចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០។ ក្រុមតាលីបង់ទទួលបានប្រាក់ចំណូលភាគច្រើនពីការជួញដូរគ្រឿងញៀន ដោយសារពួកគេគ្រប់គ្រងតំបន់ជាច្រើនដែលមានការផលិតអាភៀន៕