បន្ទាយមានជ័យ៖ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ នៅ៣ឃុំ មានឃុំ១,ឃុំចំណោម ឃុំភ្នំតូច និងស្រះរាំង ក្នុងស្រុកមង្គលបូរី ទទួលអំណោយជាស្បៀងអាហារជំនួយឧបត្ថម្ភពីអង្គការ អេដ អេ អាក់ស្យុង និងពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ ពិធីមានការអញ្ជើញចូលរួមពីលោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី និងលោក រ័ត្ន ដាសីុណង់ អភិបាលស្រុកមង្គលបូរី រួមជាមួយអាជ្ញាធរមូលដ្ឋាន ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។
លោក រ័ត្ន ដាសីុណង់ អភិបាលស្រុកមង្គលបូរី បានធ្វើការថ្លែងអំណរគុណចំពោះកាយវិការ និងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះរបស់អង្គការដៃគូរពាក់ព័ន្ធ ជាការចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាល ដេីម្បី ទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩។ជាពិសេសអំណោយឧបត្ថម្ភទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរី ក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ.១៩ផងដែរ។
លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងដោយបញ្ជាក់ថា៖អំណោយទាំងនេះបានមកពីគម្រោងខ្នាតតូចដែលលើកឡើងដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិសាត់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ នៅថ្នាក់មូលដ្ឋាន។ ជាពិសេស សហការណ៍ជាមួយងអង្គការ API និងAEA ដែលគាំទ្រថវិកាដោយសហភាពអុីរ៉ុបEU និងនាំយកទៅប្រគល់ជូនដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ។
លោក បានបន្តថា៖ អំណោយទាំងនេះគ្រាន់តែជួយសម្រាលដល់ដល់ជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋបានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។
លោក ជាម សុខ ក៏បានបញ្ជាក់ថា៖ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩នេះ គឺមានតែយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួន។ក៏ដូចជាយើងទាំងអស់គ្នាត្រូវរៀនរស់នៅជាមួយកូវីត.១៩។
សម្រាប់សម្ភារៈអំណោយក្នុងមួយគ្រួសារទទួលបាន៖អង្ករ៥០គីឡូក្រាម,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ,ម៉ាស់១ប្រអប និងសាប៊ូដុះខ្លួន១ដុំធំ។
លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានបន្តអញ្ជើញចុះចែកកងនិងសម្ភារៈសិក្សា ដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ចំនួន៩ គ្រួសារ ស្ថិតនៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ពិធីដោយមានការអញ្ជើញចូលរួមពីលោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ៕ដោយ៖ឃិន គន្ធា




































