អភិបាលស្រុកសេសាន ដឹកនាំមន្ត្រីសំខាន់ៗ ចុះដាក់លូ និងសង់ស្ពានឈើមួយកន្លែង ដែលទឹកភ្លៀងបានហូរកាត់ផ្តាច់មានប្រវែងជាង ១០ម៉ែត្រ 

ខេត្តស្ទឹងត្រែង៖ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះជួសជុលផ្លូវ លូ និងការសង់ស្ពានឈើ ១កន្លែង ជាបណ្តោះអាសន្ន ក្រោយភ្លៀងមួយមេធំ បានជន់លិច និងវាយកាត់ផ្តាច់កំណាត់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ កាលពីថ្ងៃទី១៨សីហាឆ្នាំ២០២១ ស្ថិតនៅចំណុចស្រែចំបាំង ចន្លោះពីភូមិកំភុន ទៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន។
អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានប្រាប់ឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលតភ្ជាប់ពីភូមិកំភុន ទៅភូមិកាតូត និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៨អា នោះ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន បានរងការខូចខាត និងកាត់ផ្តាច់ដោយលំហូរទឹកភ្លៀង ដែលហូរកាត់តាមប្រឡាយ១ខ្សែ បុកទម្លុះច្រោះផ្លូវ មានប្រវែងប្រមាណ ១០ម៉ែត្រ នៅចំណុច ស្រែចំបាំង នៃភូមិសាស្ត្រខាងលើ។
លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងទៀតថា ក្រោយពីបានដឹង ពីការខូចខាតផ្លូវនេះ ដែលជាហានីភ័យមួយខ្ពស់ សម្រាប់ការធ្វើដំណើរឆ្លងកាត់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះមក អាជ្ញាធរស្រុក និងមន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យ និងសម្រេចធ្វើការជួសជុលផ្លូវ ដាក់លូ ដែលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនោះឡើងវិញ និងបានសង់ស្ពានឈើ១ខ្សែ មានប្រវែងជាង ១០ម៉ែត្រ ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកអភិបាលស្រុក បានបញ្ជាក់ថា នៅចំណុចស្រែចំបាំងនេះ ទឹកបានហូរកាត់ផ្តាច់ផ្លូវ ៣ដងហើយទាំងលើកនេះ និងនៅក្នុងពេលចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែនេះ ក៏មានការចូលរួមពី ក្រុមយុវជនបក្សប្រជាជនឃុំ ថែមទៀត ហើយនៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរស្រុក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏មានគម្រោងសាងសង់លូទ្រីប បើផ្លូវទឹកហូរបានលឿន និងបញ្ជៀសបានពីការខូចខាតផ្លូវ ហើយអ្វីដែលសំខាន់ជាងនេះទៀនោះ គឺការរក្សាផ្លូវ លូ ស្ពានឲ្យបានយូរអង្វែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ធ្វើដំណើរទៅមកបានងាយស្រួល បានឆាប់រហ័ស និងចំណេញទាំងពេលវេលា ថែមទៀតផង៕ ដោយ៖ឡុង សំបូរ