ខេត្តកំពង់ធំ : ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីលោកឡង គីសឹង ជាអភិបាលនៃគណៈអភិបាលស្រុកសន្ទុក នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។
ឯកឧត្តម សុខ លូ ណែនាំដល់អភិបាលស្រុកដែលទើបនឹងទទួលមុខតំណែងថ្មីនេះ សូមគោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយគណៈអភិបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្រោមឱវាទ និងមន្ទីរអង្គភាពជុំវិញស្រុក ដើម្បីបន្តដឹកនាំការងារនិរន្តរភាពរដ្ឋបាលស្រុកបន្តទៀត ជាពិសេសត្រូវចុះពិនិត្យមើលការងារមូលដ្ឋាន តាមបណ្ដាឃុំសង្កាត់ទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានញឹកញាប់ និងពិនិត្យមើលការបម្រើសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាឲ្យការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបន្ថែមទៀតថា លោកអភិបាលស្រុកក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវតែពិនិត្យកងកំលាំងទាំងបី ធ្វើយ៉ាងណា ត្រូវរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេស ត្រូវបំរើបងប្អូនប្រជាពលរដ្ឋ ដោយការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ មិនមែនការពារប្រយោជន៍មិនស្របច្បាប់របស់ជនខិលខូចមួយចំនួននោះទេ ហើយយើងរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ តំបន់សត្វខ្សិប តំបន់ព្រៃលិចទឹក និងចូលរួមទប់ស្កាត់បង្ក្រាបនូវបទល្មើសនានាដែលតែងតែកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ឡង គីសឹង បានប្តេជ្ញាចិត្ត ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆ្លើយតបឲ្យបានទាន់ពេល ២-ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែលកើតមានឡើងក្នុងមូលដ្ឋាន ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ប្តេជ្ញាអនុវត្តអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អ ដោយការទទួលខុសត្រូវខ្ពស់។ ដោយ ប៊ុន រដ្ឋា





































