ភ្នំពេញ ៖ រថយន្តមែកសឺដែសមួយគ្រឿងជិះធ្វើដំណើរជាលក្ខណៈគ្រួសារក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចផ្លូវបែកជាបួន មានរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងបើកមកបត់កាត់ទៅឆ្វេង ធ្វើអោយរថយន្តមែកសឺដែស អកស័រ បួងចង្កូតគេចជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋចំ
ពេញទំហឹងបណ្ដាលអោយរថយន្តរងការខូចខាត ហើយអ្នកជិះក្នុងរថយន្តរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៧ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចមុខផ្ទះលេខ37B តាមបណ្ដោយផ្លូវលេខ៣៤៨កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកមែកសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-6353 ជិះធ្វើដំណើរជាលក្ខណៈគ្រួសារមានប្ដីប្រពន្ធក្មេងតូចៗ២នាក់និងនារីម្នាក់ទើបចេញពីពិធីជប់លៀងមួយកន្លែង បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៤៨ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចផ្លូវបែកជាបួនកែងផ្លូវលេខ១៩៣ក៏មានរថយន្តសណ្ដោងកុងតឺនមួយគ្រឿងបើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៣ ទិសដៅពីលិចទៅកើតរួចបត់ឆ្វេងទៅផ្លូវ៣៤៨ ហើយរថយន្តមែកសឺដែស អកស័រ ក៏បួងចង្កូតទៅស្ដាំគេចក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋធ្វើអោយរថយន្តរងការខូចខាតផ្នែកខាងមុខនិងផ្ទុះពោងសុវត្ថិភាពទាំង២ ចំណែករបងផ្ទះប្រជាពលរដ្ឋបាក់រងការខូចខាតផងដែរ។
បន្ទាប់ពីកើតហេតុរថយន្តសណ្ដោងកុងតឺន័របានបើករត់បាត់ ចំណែកអ្នកជិះក្នុងរថយន្តមែកសឺដែសរងរបួសស្រាលក៏ចុះពីរថយន្តរួចទូរស័ព្ទហៅក្រុមគ្រួសារបើករថយន្តមកទទួលចេញពីកន្លែងកើតហេតុបាត់ មួយសន្ទុះក្រោមមកសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍ហើយក៏មានដំណាងភាគីខាងរថយន្តបានមកធ្វើការដោះស្រាយដោយព្រមសងសំណងជួសជុលរបងផ្ទះជូនម្ចាស់ផ្ទះវិញដើម្បីបញ្ចប់រឿង និងរករថយន្តស្ទូចមកស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕




































