សៀមរាប: ជាច្រើនថ្ងៃមកនេះ មានប្រជាពលរដ្ឋរាយការណ៍មកថា មានសត្វគោ ក្របី ជាច្រើនក្បាលនៅក្នុងស្រុលជីក្រែង ខេត្តសៀមរាប បានកើតជំងឺដុំពកស្បែក ហើយពលរដ្ឋមានការព្រួយបារម្ភថា អាចធ្វើឱ្យសត្វគោ ក្របី របស់ពួកគាត់ងាប់ច្រើនធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅ។ពាក់ពន្ធ័ករណីដែរ លោក ពៅប៊ុន ធឿន អភិបាលស្រុកជីក្រែង ខេត្តសៀមរាប ក្រុមការបានព្យាយាមហៅទូរស័ព្ទលោកចូល តែលោកមិនទទួល។
ដោយឡែកលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា ជំងឺដុំពកស្បែកគោ ក្របី នេះ គឺអាចព្យាបាលជាសះស្បើយ និងអាត្រាងាប់មានចំនួនតិចប្រសិនម្ចាស់សត្វបានមើលថែបានល្អ។ ដោយវិធីនៃការព្យាបាល គឺការពាទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ ករណីសត្វក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈPracetamole អាចប្រើពពួក Dexametasone,Amoxiciline,Chlorazone,Bactrim ករណីមានដំបៅប្រើថ្នាំខៀវ(Methylen blu) និង Negazun។
លោកបានបន្តថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ ០៩ ខែសីហា ២០២១ សភាពជំងឺដុំពកស្បែកគោនៅក្នុងខេត្តសៀមរាបមានការកើតឡើងរប៉េះរប៉ោះ នៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប។ដែលមានសត្វឈឺសរុប៦៨៣ក្បាល, ព្យាបាលជាៈ៦៦៧ក្បាល កំពុងព្យាបាលៈ៤៧ក្បាល និងងាប់ៈ០៦ក្បាល។
ជាមួយគ្នានេះមន្ត្រីបសុពេទ្យអគ្គនាយកដ្ឋាន-ខេត្ត-ស្រុក-ភ្នាក់ងារសុខភាពសត្វភូមិ សហកាការជាមួយអាជ្ញាធរមូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយពីវិធានការការពារ អនាម័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដល់កសិករម្ចាស់សត្វចំនួន១២០០គ្រួសារ។ និងបានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងចិញ្ចឹមសត្វបានជាច្រើនកន្លែង និងផ្តល់បសុឳសថ សម្ភារះបរិក្ខាបសុពេទ្យដល់ភ្នាក់ងារសុខភាពសត្វភូមិតាមបណ្តាស្រុកសម្រាប់ជួយដល់ប្រជាពលរដ្ឋផងដែរ។
លោក ព្រំ វិច អំពាវនាវដល់ប្រជាពលរដ្ឋដែលមានសត្វគោ ក្របី ឈឺឬងាប់ ហាមលក់ដូរ ហាមយកសាច់របស់វាទៅបរិភោគ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មសត្វ។ ហើយនៅពេលពេទ្យសត្វចុះទៅចាក់វ៉ាក់សាំងដល់សត្វគោ ក្របីសូមចូលរួមសហការ និងយកសត្វទៅចាក់ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរលោក ព្រំ វិច បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានសត្វឈឺត្រូវធ្វើការទំនាក់ទំងជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរកមូលដ្ឋានឱ្យបានលឿន ដើម្បីខាងមន្រ្តីជំនាញជួយរកវិធីសាស្រ្តសង្គ្រោះបានទាន់ពេល។
សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោនេះ បង្កដោយវីរុស(Poxviridae)តាមរយៈសត្វល្អិតបឺតជញ្ជក់ឈាម មូស របោម រុយ ស្រួយ ដង្កែ ការចល័តសត្វឈឺពីតំបន់មួយទៅតំបន់មួយ និងការស៊ីចំណីជុំគ្នា ជំងឺនេះ ជាជំងឺចាស់សម្រាប់ប្រទេសគេ តែថ្មីសម្រាប់ប្រទេសកម្ពុជា ៕

