កំពង់ធំ៖ បទល្មើសព្រៃឈើ បានចាប់ផ្តើមកក្រើកសារជាថ្មី បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយះកន្លងមកនេះ រហូត មកដល់ពេលនេះ បទល្មើសការដឹកជញ្ជូនឈើលេខ២ ក៏កំពុងតែចាប់ផ្តើមដឹកជញ្ជូនដោយពុំមាន ការខ្លាចក្រែងបន្តិច សោះឡើយ ដែលត្រូវបានគេដឹងថា
សមត្ថកិច្ចមេព្រៃ នៅកំពុងតែចតរថយន្ត ត្រៀបត្រានៅតាមដងផ្លូវនេះ គឺពុំមែនមក ចាប់នោះទេ គឺមកចូលរួមជាចំណែក។
ជាក់ស្តែងរថយន្ត ប្រភេទយីឌុប២គ្រឿងបានដឹកឈើប្រភេទឈើលេខ២យ៉ាងអនាធិបតេយ្យចេញពីខេត្តព្រះវិហារឆ្លងកាត់សៀមរាប មកដល់ចំនុចព្រៃប្រស់លើកំណាត់ផ្លូវជាតិលេខ០៦ក្នុងទឹកដីខេត្តកំពង់ធំក៏ត្រូវបានកំលាំងសមត្ថិកិច្ចមេព្រៃស្ទោង ស្ទាក់ចាប់បាននៅវេលាម៉ោង១,៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៤ ព្រមទាំងមានបទល្មើសឈើ លេខ២ ចំនួនឈើ ៩,០៥៨ម៉ែត្រគូប រថយន្តនេះស្ទាក់ចាប់នៅចំនុចខាងមុខភោជនីយ៍ដ្ឋានព្រៃប្រស់ និងបញ្ជូនមក ផ្នែករដ្ឋបាលស្ទោង រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយដើម្បីផាកពិន័យទៅតាមច្បាប់រដ្ឋាបាលព្រៃឈើ។
ចំណែកបទល្មើសដឹកជញ្ជូនឈើ គ្រញូង និងឈើធ្នង់ ត្រូវបានដឹកជញ្ជូនយ៉ាងកក្រើកដី ឆ្លងកាត់ខេត្តកំពង់ធំ ចាប់ពីម៉ោង ១២ រហូតដល់ម៉ោង ៤ភ្លឺ រថយន្តដឹកបន្តកន្ទុយគ្នាដូចហែកឋិន ក្នុងនោះត្រូវបានគេដឹងថា សមត្ថកិច្ចក្នុងខេត្ត កំពង់ធំ ហាក់ដូចជាត្រូវថ្នាំបន្ទន់ឆ្អឹងអស់ហើយ បានជាពុំមានមន្ត្រីរដ្ឋបាលព្រៃឈើណាម្នាក់ មានស្មារតីបង្ក្រាបឡើង ឃើញតែចតរថយន្តត្រៀបត្រា មុខផ្នែករដ្ឋបាលព្រៃឈើស្ទោង ។
ចំណែករថយន្តដែលដឹកបទល្មើស ឆ្លងកាត់ខេត្តកំពង់ធំ ដូចជារថយន្តឆ្លាម កាម៉ារី បាឡែន លុចស៊ីស បានធ្វើសកម្មភាពជារៀងរាលយប់ តែទោះជាទូរស័ព្ទទៅប្រាប់លោក នាយផ្នែកកំពង់ថ្មឲ្យចាប់ឃាតើរថយន្ត នៅពេលណា ក៏តែងតែឆ្លើយថាជាប់រវល់ និងពុំរថយន្តដឹកបទល្មើសឆ្លងកាត់ លុះនៅពេលព្រឹកឡើងរថយន្តដែលទម្លាក់បទល្មើសរួច បានបើកត្រឡប់មកវិញ ជាហូរហែរបន្តកន្ទុយគ្នា ។
ទទឹមគ្នានោះដែរ ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានសំណូមពរដល់ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងស្ថាប័នតុលាការ មេត្តាចាត់វិធានការ ពង្រឹងសាច់ដុំរបស់ អស់ លោកមេព្រៃ ដើម្បីឲ្យមានភាពភ្ញាក់រលឹកឡើងវិញ ក្នុងឆន្ទះអនុវត្តន៍ច្បាប់ បង្ក្រាបបទល្មើសផង ម្យ៉ាងទៀតចាប់តាំងពី លោក អធិការរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប ផ្លាស់មកចូលមួយឆ្នាំហើយ មិនទាន់ហ៊ានបញ្ជេញសាច់ដុំ បង្ក្រាបបទល្មើសម្តងណាឡើយទេ៕