សៀមរាប ៖ ជនសង្ស័យទាំងពីរខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន រួចយកមកកាន់ការិយាល័យនគរបាលជំនាញដើម្បីការសួនាំ លោកវរសេនីយទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តជាប្រចាំតាមបញ្ជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពផងនោះ ជាក់ស្តែងកាលពី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤
កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៍ជាមួយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានអនុវត្តដីការបង្គាប់ឲ្យនាំខ្លួនជនសង្ស័យចំនួន២នាក់ ទី១-ង៉ែត ប្រុស ភេទប្រុស អាយុ២១ ទី២-ថៃ ប៊ុនសុន ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់នេះទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ពាក់ព័ន្ធក្នុងករណី ប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ការចាប់ខ្លួន ជនសង្ស័យទាំង២នាក់នេះ គឺយោងតាម ដីការបង្គាប់ អោយនាំខ្លួនលេខ ១៤៤ និង១៤៦ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៤ ចេញដោយលោក សំ ប៊ុនពៅ ចៅក្រមសើបសួរ សាលាដំបូងខេត្តសៀមរាប។ បច្ចុប្បន្ននេះជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ លោក ខេង ខេមរា